ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសជូនដំណឹងឲ្យប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងរវងពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមេសា ដែលជាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ។
សេចក្តីជូនដំណឹងបានលើកឡើងថា ជ្រលងនៃសម្ពាធទាបឥណ្ឌា ជាមួយនឹងខ្យល់អាគ្នេយ៍បក់នាំសំណើមពីសមុទ្រចិនខាងត្បូងមកលើព្រះរាជាណាចក្រកម្ពុជា ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពចន្លោះពី ២៤-៣៤ អង្សាសេ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតខ្សោយទៅបង្គួរ ហើយផ្នែកខ្លះនៃបណ្តាខេត្តនៅភាគខាងត្បូង និងភាគពាយ័ព្យនៃប្រទេសកម្ពុជាអាចមានភ្លៀងធ្លាក់ច្រើន។
សេចក្តីជូនដំណឹងដដែល បានលើកឡើងទៀតថា បណ្តាខេត្តមួយចំនួន នៅជាប់ជួរភ្នំដងរែក ដូចជាខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារនិងខេត្តតំបន់ខ្ពង់រាបភាគឦសាន ដូចជាខេត្តស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរីអាចមានសីតុណ្ហភាពចន្លោះពី២៤ ទៅ៣៤អង្សាសេ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។
សេចក្តីជូនបានបន្ថែមថា រីឯបណ្តាខេត្តនៅជាប់មាត់សមុទ្រ ដូចខេត្តកែប, កំពត, ព្រះសីហនុ និងខេត្តកោះកុង អាចមានសីតុណ្ហភាពអប្បបរមា មានពី ២៤-៣៣អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន៕