អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម អំពាវនាវដល់អាជីវករ ពាណិជ្ជករទូទាំងព្រះរាជាណាចក្រកម្ពុជាបញ្ឈប់ជាបន្ទាន់ការចរាចរ ចែកចាយ លក់សារធាតុមេតាណុល ក្លែងបន្លំជាអេតាណុល(អាល់កុល) សម្រាប់សម្លាប់មេរោគកូវីដ-១៩ា
ដោយយោងលើសភាពការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ -១៩ ព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” នៅមិនទាន់ធូរស្បើយ នាំឱ្យតម្រូវការនៃការប្រើប្រាស់អាល់កុល និងជែលសម្លាប់មេរោគ មានការកើនឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានយកសារធាតុមេតាណុល (Methanol) មកក្លែងបន្លំជាអេតាណុល (Ethanol) សម្រាប់សម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគ។
សូមជម្រាបថា សារធាតុមេតាណុល គឺជាអាល់កុលពុល គ្មាន ពណ៌ ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងអាល់ កុល ធម្មតា (អេតាណុលអេទីលអាល់កុល) ហើយភាគច្រើនគេប្រើមេតាណុល សម្រាប់ធ្វើជាសារធាតុរំលាយ។
យោងតាមសេចក្តីណែនាំរបស់អង្គការសុខភាពពិភពលោក សារធាតុមេតាណុលមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុផ្សំសកម្មនៅក្នុងការផលិតសារធាតុលាងសម្អាតដៃឡើយ ដោយសារធាតុនេះគឺជាសារធាតុពុល និងមិនមានសមត្ថភាពសម្លាប់មេរោគកូវីដ-១៩នោះទេ។
ការប្រើប្រាស់សារធាតុមេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពប៉ុណ្ណោះទេ តែនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព រួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ងងុយដេក ច្របូកច្របល់ បាត់បង់ស្មារតី ក្អួត រំខានដល់ការរំលា យអាហារ ស្រវាំងភ្នែក និងអាចបណ្តាលឱ្យស្លាប់បានប្រសិន បើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
កន្លងមកអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវគោលការណ៍ណែនាំដល់បណ្តាសាខាក.ប.ប. រាជធានី ខេត្ត ឱ្យអនុវត្តសកម្ម ភាពឃ្លាំពិនិត្យជាប្រចាំ នៅតាមបណ្តាគោលដៅ រួមមាន ឱសថស្ថាន ផ្សារទំនើប ឃ្លាំងស្តុក និងមធ្យោបាយដឹកជញ្ជូនដែលសង្ស័យ មានលក់ ស្តុកទុក ឬដឹកជញ្ជូន សារធាតុមេតាណុលក្នុងចេតនាធ្វើអាជីវកម្មទុច្ចរិត។
ជាលទ្ធផល ត្រឹមតែរយៈពេល០៣ថ្ងៃ ដើមខែមេសាឆ្នាំ២០២ ១ កន្លងទៅនេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានស្រាវជ្រាវរកឃើញការចរាចរលក់សារធាតុមេតាណុល បន្លំជាអេតា ណុល(អាល់កុល) ចំនួន០៣ករណី ដែលមាននៅខេត្តរតនគិរី រឹបអូសបានមេតាណុល ចំនួន ៥៥៦លីត្រ ខេត្តបាត់ដំបង រឹបអូសបានមេតាណុលចំនួន ៨៤៦លីត្រ និងនៅរាជធានីភ្នំពេញ រឹបអូសបានមេតាណុលចំនួន ៨ ២៩០លីត្រ ដោយបាននិងកំពុងអនុវត្តនីតិវិធីបន្ត ក្រោមកិច្ចសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ខេត្តផងដែរ។
អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តអនុវត្តការងារនេះដូចភ្លៀងរលឹម ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់សាធា រណជនទាំងអស់ មុននឹងសម្រេចចិត្តជាវអាល់កុលឬជែលយ កម កប្រើប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ សូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់។
ជាមួយនោះផងដែរ អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយភាពសុចរិត និងមានការទទួលខុសត្រូវ និងសូមគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្ពស់ជាងផលចំណេញរបស់ខ្លួន។
អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តអនុវត្តនីតិវិធីចុះស៊ើបអង្កេត ត្រួតពិនិត្យ និងបង្ក្រាបរាល់សកម្មភាពក្លែងបន្លំខាងលើ ដោយអនុវត្តវិធានការណ៍ច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខ។