ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចោទសួរពួកក្រុមប្រឆាំងថា មកដល់ពេលនេះ មានអ្នកណា ស្លាប់ដោយ ដាច់បាយឬនៅ? គឺគ្មានឡើយ មានតែអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ប៉ុណ្ណោះ។
យោងតាម AKP រដ្ឋមន្ដ្រី ចោទសួរបែបនេះ ក្រោយពីមានពួកក្រុមប្រឆាំងនៅក្រៅប្រទេស បានញុះញុង់ប្រជាពលរដ្ឋខ្មែរ រស់នៅតំបន់ ក្រហម ក្នុងរាជធានីភ្នំពេញ ប្រឆាំងរាជរដ្ឋាភិបាលថា ពួកគាត់គ្មានបាយហូបឡើយ ដោយសារវិធានការបិទខ្ទប់។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលត្រូវនិយាយជាមួយពួកបំផុសរឿងដាច់បាយ។ មកដល់ពេលនេះមានអ្នកណាស្លាប់ដោយដាច់បាយឬនៅ? គ្មាន! តែមានអ្នកស្លាប់ដោយកូវីដ-១៩ ជាងរយហើយ។ តើក្រុមបំផុសទាំងនេះ ដែលនិយាយមួយម៉ាត់ណា អោយប្រជាជនខ្មែររក្សាអនាម័យ រក្សាគម្លាតទេ? គ្មាន!»។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា នឹងមិនបន្ដបិទរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តទៀតឡើយ គ្រាន់តែបិទតំបន់តូចៗមួយចំនួន មានហានិភ័យខ្ពស់នៃការឆ្លងរីករាលជំងឺកូវីដ១៩ប៉ុណ្ណោះ៕