ប្រជាពលរដ្ឋជាច្រើនក្នុងភូមិចំការក្រោម បានឲ្យដឹងថា ដីព្រៃកោងកាង និងព្រៃលិចទឹកត្រូវមន្ត្រីមានអំណាច មន្ត្រីពាក់ផ្កាយឈូសឆាយទន្ទ្រានកាន់កាប់អស់ប្រមាណ ៣០ ហិកតារួចទៅហើយ ដោយសារមានការបើកដៃពីសំណាក់មន្ត្រី អាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុកដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្រុមប្រជាពលរដ្ឋ បានទទូចនិងស្នើសុំ ដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុង មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះមេឃុំស្រែអំបិល និងអភិបាលស្រុកស្រែអំបិល កំពុងសម្ងំស្ងាត់ឈឹង បណ្តោយឲ្យសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ដីព្រៃលិចទឹកកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងភូមិចំការក្រោម។
ពលរដ្ឋខាងលើកឡើងថា”នៅពេលព័ត៌មានត្រូវបានផ្សព្វផ្សាយជាសាធារណៈគឺមេឃុំស្រែអំបិល និងអភិបាលស្រុកស្រែអំបិល តែងដោះសាយករួចខ្លួនដោយគ្មានសេចក្តីអៀនខ្មាសបន្តិចណាឡើយ”។
ថ្មីៗនេះសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល បានឲ្យដឹងថា ដីព្រៃកោងកាងនិងព្រៃលិចទឹក ជម្រកជីវចម្រុះក្នុងតំបន់អង្កាំ ភូមិចំការក្រោម ត្រូវអ្នកមានអំណាចឈូសឆាយចាក់ដីលុបទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា អ្នកមានអំណាចមានខ្នងបង្អែកក្រាស់ៗហើយមានទាំងពាក់ផ្កាយមកពីរាជធានីភ្នំពេញ បានធ្វើសកម្មភាពឈូសឆាយដីព្រៃកោងកាង ហើយចាក់ដីលុបធ្វើរបងហ៊ុមព័ទ្ធជិតឈឹងគ្មានញញើតអ្វីទាំងអស់។
ប្រជាពលរដ្ឋក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកអំបិល អំពាវនាវឲ្យលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ពិនិត្យឡើងវិញជាបន្ទាន់ហើយចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិចំការក្រោម បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុក និងមន្ត្រីនៃមន្ទីរពាក់ព័ន្ធក្នុងខេត្តកោះកុងទេ នោះគឺគ្មាននរណាអាចឈូសឆាយទន្ទ្រាន់កាន់កាប់ដីព្រៃកោងកាងនិងព្រៃលិចទឹកក្នុងឃុំស្រែអំបិល បានឡើយ។
ក្រុមប្រជាពលរដ្ឋ បញ្ជាក់ថា”ករណីខាងលើនេះ ទាល់តែមានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំថ្នាក់ស្រុកនិងមន្ត្រីមន្ទីរពាក់ព័ន្ធ ទើបអ្នកមានអំណាចអ្នកមានលុយអាចធ្វើសកម្មភាពឈូស ឆាយទន្ទ្រានកាន់កាប់ដីព្រៃកោងកាង ព្រៃលិចទឹកនៅចំណុចអង្កាំ ភូមិចំការក្រោម ស្រុកស្រែអំបិល យ៉ាងគឃ្លើន ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។