ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៤៥ (28-08-2017 12:45)
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានទាមទារឱ្យអាមេរិកបំពេញកាតព្វកិច្ចដែលបានសន្យាក្នុងនាមជាប្រទេសអភិវឌ្ឍន៍ថា ផ្តល់ជូនកម្ពុជា និងប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀតនូវការអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយនាយកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ សីហា កន្លងមក លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា តាមស្មារតីនៃសេចក្តីប្រកាសរួមរបស់សន្និសីទថ្នាក់រដ្ឋមន្ត្រីនៅទីក្រុងហុងកុង រដ្ឋាភិបាលអាមេរិកបានសន្យាថា នឹងផ្តល់ឲ្យប្រទេសអភិវឌ្ឍន៍តិចតួច (ក្នុងនោះរួមមានកម្ពុជា) នូវការអនុគ្រោះពន្ធនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ឲ្យបានយ៉ាងតិច៩៧% ក្នុងលក្ខខណ្ឌពន្ធគយសេរី-កូតាសេរី (GSP-DFQF) របស់អង្គការពាណិជ្ជកម្មពិភពលោក ប៉ុន្តែគិតមកត្រឹមឆ្នាំ២០១៧នេះ ប្រទេសជាដៃគូពាណិជ្ជកម្មធំបំផុតទី២របស់កម្ពុជាមួយនេះ បានផ្តល់នូវការអនុគ្រោះពន្ធត្រឹមតែ៨២,៦%ប៉ុណ្ណោះ ។
លោករដ្ឋលេខាធិការបន្តថា ប្រទេសអភិវឌ្ឍន៍មួយចំនួនធំបានបំពេញកាតព្វកិច្ចត្រឹមត្រូវទៅតាមការសន្យារួចរាល់ហើយ ក្នុងនោះប្រទេសអូស្ត្រាលី នូវែលសេឡង់ ន័រវែស និងស្វ៊ីស បានផ្តល់នូវការអនុគ្រោះពន្ធចំនួន១០០%, សហគមន៍អឺរ៉ុបបានផ្តល់៩៩% ក្រោមក្របខ័ណ្ឌ EBA (Everything But Arms), កាណាដា៩៨,៦% ជប៉ុន៩៧,៩% និងចិន៩៧%។ ចំណែកមុខទំនិញដែលសហរដ្ឋអាមេរិកបានផ្តល់ឲ្យកម្ពុជាក្នុងរង្វង់៨២,៦%នោះ គឺមិនមានផលិតផលសក្តានុពលសំខាន់ៗដែលកម្ពុជាអាចផលិត និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសក្រីក្រទេ ពោលគឺផលិតផលសក្តានុពលទាំងនោះត្រូវជាប់កាតព្វកិច្ចបង់ពន្ធ ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានាដទៃទៀត ដែលមានសេដ្ឋកិច្ចរីកចម្រើនជាងកម្ពុជាដែរ ។
លោកស្រី Marta Prado នាយកកិច្ចការអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានស្នើឲ្យភាគីកម្ពុជាពិនិត្យឡើងវិញនូវមុខទំនិញដែលកម្ពុជាទទួលបានការអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក ស្របពេលអាមេរិកបាននិងកំពុងប្រកាសឲ្យបណ្តាប្រទេសដែលនឹងត្រូវទទួលផលក្រោមច្បាប់របស់ខ្លួនពិនិត្យឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធ (GSP) សម្រាប់ឆ្នាំ២០១៧ ។
ជាមួយគ្នានេះ ភាគីសហរដ្ឋអាមេរិកបានស្នើឲ្យក្រសួងពាណិជ្ជកម្មចូលរួមពិនិត្យបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងការដោះស្រាយវិវាទ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឲ្យសហរដ្ឋអាមេរិកដាក់បញ្ចូលមុខទំនិញសំខាន់ៗរបស់កម្ពុជា រួមមាន សម្លៀកបំពាក់ ផលិតផលធ្វើអំពីឡែន និងផលិតផលចំនួន១២ផ្សេងទៀតឱ្យស្ថិតក្នុងប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីធានាថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពិតប្រាកដពីការនាំចេញទៅកាន់សហរដ្ឋអាមេរិក ។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានចំនួន១,៥៤ពាន់លានដុល្លារក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ កើនឡើង១៤% បើធៀបនឹងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។ ដោយឡែក ក្នុងរយៈពេលពេញ១ឆ្នាំ២០១៦កន្លងមក ទំហំពាណិជ្ជកម្មមានចំនួន៣,២ពាន់លានដុល្លារ ថយចុះ៧,៣២% បើធៀបនឹងឆ្នាំ២០១៥ ។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម ។
បើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាមេរិកក្នុងកម្ពុជា មានចំនួនប្រហែល១៤.៥៥៧.៦៧២ដុល្លារអាមេរិកកាលពីឆ្នាំ២០១៤។ សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតទី២របស់កម្ពុជា សម្រាប់ការនាំចេញសម្លៀកបំពាក់ ស្បែកជើង វាយនភ័ណ្ឌ អង្ករ គ្រឿងសង្ហារិម សម្ភារក្មេងលេង ជ័រ កៅស៊ូ ផលិតផលធញ្ញជាតិ សេរ៉ាមិច ឈើ សត្វនៅរស់ និងចំណីសត្វជាដើម ។
ចំណែកការនាំចេញចម្បងរបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាវិញ មានដូចជា យានយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍វេជ្ជសាស្ត្រនិងអគ្គិសនី វាយនភ័ណ្ឌ ក្រដាស ផ្លែឈើ និងធញ្ញជាតិជាដើម ។ កិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៦ គឺជាកិច្ចសន្ទនាទ្វេភាគីសំខាន់រវាងរដ្ឋាភិបាលទាំងពីរ ដើម្បីពិភាក្សាអំពីការអនុវត្តការសន្យាទាំងនេះ បញ្ហាទាក់ទងនឹងការវិនិយោគ និងពាណិជ្ជកម្មផ្សេងៗទៀត ៕