ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋ​ត្រូវការ​ថវិកា​ជាង​5​ពាន់លាន​ដុល្លារ​សម្រាប់​គម្រោងវិនិយោគសាធារណៈ​

ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៣០ (28-08-2017 12:30)

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ ២០២០ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​វិនិយោគសាធារណៈ​រាប់រយ​គម្រោង​ទៀត ក្នុង​នោះ​ត្រូវការ​ថវិកា​ចំនួន​៥.៤១៧​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ក្នុង​ឆ្នាំ​២០១៨ ត្រូវការ​ថវិកា​១.៩១៨​លាន​ដុល្លារ​អា​មេ​រិ​ក​, ឆ្នាំ​២០១៩ ត្រូវការ​១.៧៨៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០២០ ត្រូវការ​១.៧១៤​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​អភិវឌ្ឍន៍​គម្រោង​សាធារណៈ​ទាំងនោះ ។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយ​ពី​មានការ​ប្រជុំ​ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន រួច​មក ។

យោង​តាម​របាយការណ៍​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ចេញផ្សាយ​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​សរុប​៥៨៦​គម្រោង ហើយ​គ្រោង​វិនិយោគ និង​ត្រូវការ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ផង​ដែរ​ដើម្បី​ដំណើរការ​គម្រោង​ទាំងនោះ ក្នុង​នោះ​១៦៦​គម្រោង​កំពុង​ដំណើរការ ត្រូវការ​ទុន​ចំនួន​២.៥៣៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​៤២០​គម្រោង​ទៀត​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ត្រូវការ​ទុន​ចំនួន​២.៨៨១​លាន​ដុល្លារ​អា​មេ​រិ​ក ។

បរិមាណ​ទុន​សរុប​៥.៤១៧​លាន​ដុល្លារ​អា​មេ​រិ​ក​នៃ​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​ខាង​មុខ ពោល​គឺ​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ រួម​បញ្ចូល​នូវ​បរិមាណ​ទុន​ដែល​បាន​សន្យា​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​រួច​ហើយ​មាន​ចំនួន​៣.៤៥៥​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ពី​រាជរដ្ឋាភិបាល​៥៣៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​ពី​ដៃគូ​អភិវឌ្ឍន៍​២.៩១៨​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ត្រូវការ​ទុន​បន្ថែម​១.៩៦១​លាន​ដុល្លារ​អា​មេ​រិ​ក ។

ការ​វិភា​ជ​ទុន​ដល់​គម្រោង​នានា​របស់​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០១៨-២០២០ ទៅ​តាម​វិស័យ​ដូច​បាន​កំណត់​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ រួម​មាន​១៥,៣%​នៃ​តម្រូវការ​ចំណាយ​វិនិយោគសាធារណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សង្គមកិច្ច​, ៤៤%​នៃ​តម្រូវការ​ចំណាយ​វិនិយោគ​សាធា​រណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យសេដ្ឋកិច្ច​, ២៦,៩% នៃ​តម្រូវការ​ចំណាយ​វិនិយោគសាធារណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​១៣,៨%​នៃ​តម្រូវការ​ចំណាយ​វិនិយោគសាធារណៈ​សរុប​សម្រាប់​អនុវត្ត​គម្រោង​ក្នុង​វិស័យ​សេវា និង​កម្មវិធី​អន្តរ​វិស័យ ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ផង​ដែរ​ថា ជា​សរុប បរិមាណ​ទុន​តាម​ឆ្នាំ​របស់​កម្មវិធី​វិនិយោគសាធារណៈ​៣​ឆ្នាំ​រំកិល​២០១៨-២០២០ រួម​មាន ៖ ឆ្នាំ​២០១៨ ត្រូវការ​ទឹកប្រាក់​ចំនួន​១.៩១៨​លាន​ដុល្លារ​អា​មេ​រិ​ក​, ឆ្នាំ​២០១៩ ត្រូវការ​១.៧៨៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ឆ្នាំ​២០២០ ត្រូវការ​១.៧១៤​លាន​ដុល្លារ​អា​មេ​រិ​ក ៕