ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ADB ៖ ចំណូល​ពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់​ នឹង​កើន​ដល់​1.434​ដុល្លារ​នៅ​ឆ្នាំ​នេះ

ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:០០ (28-08-2017 12:00)

រាជធានី​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បាន​ព្យាករ​ថា ប្រាក់​ចំណូល​របស់​ពលរដ្ឋ កម្ពុជា នឹង​កើន​ពី​១.៣០២​ដុល្លារ​កាលពី​ឆ្នាំ​មុន ដល់​១.៤៣៤​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​មនុស្ស​ម្នាក់​នៅ​ឆ្នាំ​នេះ ជាមួយ​កំណើនសេដ្ឋកិច្ច​បន្ត​រឹង​មាំ ។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​បណ្ឌិត​អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ចុង​ស​ប្តា​ហ៍​មុន លោក Kshratrapati Shivaji នាយក​ប្រតិបត្តិ ធនាគារ ADB ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​បាន​អភិវឌ្ឍន៍​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ជា​ពិសេស ស្ថានភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច ដែល​សម្រេច​បាន​កំណើន​ក្នុង​រង្វង់​៧% ក្នុង​រយៈពេល​២​ទសវត្សរ៍​មកនេះ ។ បើ​តាម​ការ​ព្យាករ កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​នឹង​អាច​សម្រេច​បាន​ប្រមាណ​៦,៩%​នៅ​ក្នុង​ឆ្នាំ​២០១៨​ផង​ដែរ។ នេះ​គឺជា​ចក្ខុវិស័យ​ចំពោះ​អនាគត​កម្ពុជា ដែល​នៅ​តែ​សម្រេច​បាន​មាន​លក្ខណៈ​វិជ្ជមាន ។

លោក​បន្ត​ថា ៖« សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា នឹង​រក្សា​កំណើន​រយៈពេល​វែង​ប្រកបដោយ​ចីរភាព​ក្នុង​រង្វង់​៧%​ក្នុង​១​ឆ្នាំ​ៗ និង​បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​លើស​១%​ក្នុង​១​ឆ្នាំ​ផង​ដែរ​» ។ លោក​បន្ត​ថា ៖« ការ​បន្ត​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​បែប​នេះ នឹង​ធ្វើ​ឲ្យ​ចំណូល​ជាតិ​សរុប​សម្រាប់​ប្រជាជន​ម្នាក់​ៗ​កើនឡើង​ដល់​១.៤៣៤​ដុល្លារ​អា​មេ​រិ​ក​នៅ​ក្នុងឆ្នាំនេះ និង​អាច​រក្សា​បាន​អតិផរណា​ជា​មធ្យម​ប្រចាំឆ្នាំ ស្ថិត​ក្នុង​រង្វង់​៣,៥%​ក្នុង​១​ឆ្នាំ » ។

លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ចាប់តាំងពី​ឆ្នាំ​១៩៩២ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៧​នេះ ធនាគារ ADB បាន​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ដល់​ប្រទេស​កម្ពុជា មាន​ទឹកប្រាក់​សរុប​ប្រមាណ​២.៥៧៤​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​ប្រើប្រាស់​សម្រាប់​វិនិយោគ​ជា​ច្រើន​នៅ​កម្ពុជា ។

លោក​បញ្ជាក់​ថា ចំនួន​ទឹកប្រាក់​របស់ ADB ដែល​បាន​និង​កំពុង​យក​មក​អភិវឌ្ឍន៍​លើ​វិស័យ​មួយ​ចំនួន​រួម​មាន កសិកម្ម ធនធានធម្មជាតិ​, ទឹក​ស្អាត និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​, គមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​, ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​, ហិរញ្ញវត្ថុ​, គ្រប់គ្រង​សាធារណៈ​, អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, សុខាភិបាល​, ថាមពល និង​ពហុ​វិស័យ ដែល​បាន​និង​កំពុង​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ពិតប្រាកដ ៕