ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:៣០ (27-08-2017 12:30)
រាជធានីភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នឹងចាប់ផ្តើមបើកសាលាបង្រៀនផ្នែកអចលនទ្រព្យលើកដំបូងនៅកម្ពុជា នៅឆ្នាំ២០១៨ខាងមុខនេះ បន្ទាប់ពីសាកលវិទ្យាល័យបច្ចេកវិទ្យានៃប្រទេសម៉ាឡេស៊ី យល់ព្រមធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ នេះបើតាមប្រធានសមាគមខាងលើ ។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមបានអះអាងបែបនេះ នៅពេលថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគម រួមទាំងតំណាងក្រុមហ៊ុនជាសមាជិកចំនួន២២ក្រុមហ៊ុន បានចេញដំណើរទៅចូលរួមកិច្ចប្រជុំ ស្ដីពីវិស័យអចលនទ្រព្យអាស៊ាន ARENA Meeting នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ ។
លោកបញ្ជាក់ថា ៖« ការចូលរួមកិច្ចប្រជុំថ្នាក់តំបន់នេះ គឺជារឿងសំខាន់មួយដើម្បីផ្សព្វផ្សាយពីភាពរីកចម្រើននៃវិស័យដីធ្លីក្នុងប្រទេសកម្ពុជា និងជជែកពិភាក្សាឆ្ពោះទៅរកការបើកទីផ្សារសេរីទិញ-លក់អចលនទ្រព្យក្នុងតំបន់អាស៊ាន » ។
លោកបន្តថា ៖« អ្វីដែលសំខាន់បំផុត គឺសមាគមនឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យានៃប្រទេសម៉ាឡេស៊ី ដែលមានអាយុកាលជាង១០០ឆ្នាំ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការឆ្ពោះទៅការបង្កើតសាលាបង្រៀនផ្នែកអចលនទ្រព្យនៅកម្ពុជា នាពេលដ៏ខ្លីខាងមុខ » ។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបញ្ជាក់ផងដែរថា បន្ទាប់ពីចូលរួមកិច្ចប្រជុំ ARENA Meeting 2017 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីរួចមក កម្ពុជានឹងទទួលសិទ្ធិធ្វើម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំតំបន់អាស៊ាននេះវិញម្ដង នៅឆ្នាំ២០១៨ខាងមុខ ។ វាជាភាពជោគជ័យថ្មីមួយទៀត ដែលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាសម្រេចបាន ដើម្បីជំរុញការអភិវឌ្ឍវិស័យដីធ្លីកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានសមាជិកជាង១០០ក្រុមហ៊ុន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មទិញ លក់ ជួល វាយតម្លៃអចលនទ្រព្យនៅកម្ពុជា ជាពិសេស សមាគមនេះបាននិងកំពុងដើរតួនាទីផ្តល់នូវទំនុកចិត្ត និងទាក់ទាញវិនិយោគិនអន្តរជាតិឲ្យមកវិនិយោគនៅកម្ពុជាផងដែរ ៕