ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ម៉ោង ១២:១៥ (27-08-2017 12:15)
រាជធានីភ្នំពេញ ៖ ជាច្រើនឆ្នាំមកនេះ ប្រជាពលរដ្ឋបានទន្ទឹងរង់ចាំមើលគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃមធ្យមរបស់ក្រុមហ៊ុនក្នុងស្រុកមួយ ប៉ុន្តែតាំងពីគម្រោងនេះបានប្រកាសពីទីតាំង និងចាប់ផ្ដើមបើកការដ្ឋានសាងសង់មក វាហាក់ដូចជានៅស្ងាត់បន្តិច និងគ្មានសកម្មភាពគគ្រឹកគគ្រេងដូចកាលពីមិនទាន់ដឹងទីតាំង និងបើកការដ្ឋានឡើយ ស្របពេលពលរដ្ឋដែលកំពុងស្វែងរកលំនៅឋាន បែរជាសម្រុកទៅទិញគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនផ្សេងទៅវិញ ។
ថ្មីៗនេះ គម្រោងលំនៅឋានសាធារណៈដែលមានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការ និងអ្នកមានចំណូលទាប និងមធ្យម បានប្រកាសលក់ជាផ្លូវការម្ដងទៀត និងប្រកាសឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទៅយកពាក្យស្នើសុំដើម្បីទិញគម្រោងលំនៅឋាននេះ ក៏ប៉ុន្តែតាមរយៈការប្រកាសលក់ជាផ្លូវការរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះ វាហាក់ដូចជាយឺតយ៉ាវបន្តិច ខណៈរយៈពេលប៉ុន្មានខែចុងក្រោយនេះ វិនិយោគិនលើវិស័យលំនៅឋានល្បីៗនៅកម្ពុជា បានអភិវឌ្ឍន៍គម្រោងស្រដៀងគ្នានេះដែរ និងទទួលបានការគាំទ្រច្រើនពីសំណាក់ពលរដ្ឋ ។ ដូចនេះ ពលរដ្ឋមួយចំនួនធំបានទៅទិញគម្រោងលំនៅឋានពីក្រុមហ៊ុនថ្មីនោះទៅហើយ ខណៈមួយចំនួនទៀតនៅរង់ចាំមើលគម្រោងអភិវឌ្ឍន៍ ដែលមានការសហការជាមួយរាជរដ្ឋាភិបាលដដែល ។
តាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នេះ គឺឱ្យពលរដ្ឋដែលមានបំណងទិញគម្រោងផ្ទះតម្លៃសមរម្យ ទៅដាក់ពាក្យឱ្យបានមុនថ្ងៃទី៩ កញ្ញា ខាងមុខ ដើម្បីបំពេញបែបបទស្នើសុំទិញគម្រោងផ្ទះនេះ ។
បើតាមពលរដ្ឋម្នាក់ធ្វើការនៅរាជធានីភ្នំពេញ និងមានគម្រោងទិញលំនៅឋានសាធារណៈរបស់ក្រុមហ៊ុន World Bridge Land កាលពីមុននោះ បានឲ្យដឹងថា លោកបានងាកទៅទិញគម្រោងអភិវឌ្ឍន៍របស់បុរីពិភពថ្មីបាត់ទៅហើយ បើទោះបីជាគម្រោងនោះវាថ្លៃជាគម្រោងលំនៅឋានសាធារណៈ ដែលសហការជាមួយរាជរដ្ឋាភិបាលក្តី ពីព្រោះតាំងពីគម្រោងលំនៅឋានសាធារណៈនោះបានបុកគ្រឹះមក វាហាក់ដូចជាស្ងប់ស្ងាត់ ។ ដូចនេះហើយលោកក៏សម្រេចចិត្តទិញគម្រោងថ្មី ដើម្បីបានផ្ទះនៅឆាប់ៗ ។
បើតាមលោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land ម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋានសាធារណៈនេះ ធ្លាប់បានលើកឡើងហើយថា លោកព្យាយាមសម្រួលការងារឱ្យរួចសិន ទើបប្រកាសលក់ជាផ្លូវការ។ ជាក់ស្ដែង ក្រុមហ៊ុនត្រូវស្វែងរកធនាគារជាដៃគូដែលអាចធ្វើការជាមួយគ្នាបានល្អ និងរង់ចាំឱ្យក្រុមការងារចាក់បំពេញដីនៅកន្លែងអភិវឌ្ឍន៍ឱ្យរួចរាល់សិន ។
លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Founder Appraisal ជាក្រុមហ៊ុនទទួលបានសិទ្ធិលក់គម្រោងលំនៅឋានសាធារណៈ បានឱ្យដឹងថា បើទោះជាមានក្រុមហ៊ុនថ្មីៗជាច្រើនទៀតអភិវឌ្ឍន៍លំនៅឋានបែបនេះក្តី ក៏ក្រុមហ៊ុននៅតែមិនព្រួយបារម្ភដែរ ព្រោះតម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋមានកំណើនជាប្រចាំពីមួយឆ្នាំទៅមួយឆ្នាំ ហើយគម្រោងលំនៅឋាននេះដែរ ក៏ខុសពីគម្រោងលំនៅឋានដទៃទៀត ដូចជាគម្រោងលំនៅឋានតាមបុរីជាដើម ។
លោកបន្តថា តាមលោកដឹង គម្រោងដែលអភិវឌ្ឍន៍ស្រដៀងនឹងក្រុមហ៊ុន World Bridge Land មានជាបន្តបន្ទាប់មែន ប៉ុន្តែគម្រោងទាំងនោះស្ថិតនៅទីតាំងផ្សេងពីគម្រោងរបស់ World Bridge Land ។ ដូចនេះ វាអត់មានអីត្រូវប៉ះពាល់ ឬប្រកួតប្រជែងជាមួយក្រុមហ៊ុន World Bridge Land ទេ ។
បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់រាជធានីភ្នំពេញបានឱ្យដឹងថា នៅរាជធានីភ្នំពេញ ក្នុង១ឆ្នាំត្រូវការលំនៅឋានជាមធ្យមប្រមាណ៨ពាន់ខ្នង ហើយតម្រូវការនេះនឹងកើនឡើងជាបន្តបន្ទាប់ ។ តាមការព្យាកររបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា នៅឆ្នាំ២០៣០ខាងមុខនេះ តម្រូវការលំនៅឋានរបស់ប្រជាពលរដ្ឋនៅកម្ពុជា មានប្រមាណ៨ម៉ឺនខ្នងក្នុង១ឆ្នាំ ក្នុងនោះរាជធានីភ្នំពេញនឹងមានតម្រូវការច្រើនជាងគេ ។ ដូចនេះ ទាមទារឱ្យមានការអភិវឌ្ឍលំនៅឋានជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ៕