កំពត៖ មន្ត្រីនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចាប់ខ្លួនបុសម្នាក់ ដែលជាប់ចោទពីបទឆបោកប្រាក់គេជិតមួយសែនដុល្លារ ក្នុងគម្រោងសាងសង់ផ្ទះ នៅក្នុងខេត្តកែប។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពត បានឲ្យដឹងថា ការចាប់ខ្លួននេះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត បន្ទាប់ពីជននេះ បានគេចវេសពីការទទួលខុសត្រូវម្តងហើយម្តងទៀតមិនអើពើរជាមួយដីកាកោះរបស់តុលាការ។
ជនត្រូវចាប់ខ្លួននេះ ឈ្មោះ ម៉ន សុខមាន អាយុ៤០ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។
មន្ត្រីនគរបាលបានឲ្យដឹងទៀតថា បុរសឈ្មោះ ម៉ន សុខមាន ត្រូវបានចាប់ខ្លួន នាវេលាម៉ោង៥ល្ងាចម្សិលមិញ នៅមុខវត្តចុងគ្រៀល ភូមិចុងគ្រៀល ឃុំចុងគ្រៀល ស្រុកទឹកឈូ ខេត្តកំពត តាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់លោក អាំង សុភា ចៅក្រមស៊ើបសួរ ក្នុងសំណុំរឿងនេះ។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងខេត្តកំពត បានពន្យាពេលបួនលើកក្នុងការសាកសួរជនជាប់ចោទពីបទឆបោកប្រាក់ជិតមួយសែនដុល្លារនេះទេ ដោយសារជនជាប់ចោទនេះគេសវេសជាបន្តបន្ទាប់។
លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមសើបក្នុងក្នុងសំណុំព្រហ្មភទណ្ឌ បានពន្យាពេលឲ្យជនជាប់ចោទឈ្មោះ ម៉ន សុខមាន អាយុ៤០ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត ផ្តើមចោទប្រកាន់ពីបទឆបោក ហើយស្នើឲ្យចៅក្រមស៊ើបឃុំខ្លួនបុរសខាងលើនេះ ក្នុងពន្ធនាគារជាបណ្តោះ ដើម្បីធានាការសងប្រាក់ទៅម្ចាស់សំណង់។
ប្រភពច្បាស់ការណ៍ពីខេត្តកំពត បានអះអាងថា នគរបាលព្រហ្មទណ្ឌនឹងបញ្ជូនជនជាប់ចោទទៅតុលាការពេលឆាប់ៗនេះ ដើម្បីបន្តនីតិវិធីឃុំខ្លួនក្នុងពន្ធនាគារជាបណ្តោះអាសន្ន រងចាំដល់ការបើកសវនាការដល់អង្គសេចក្តី ករណីឆរបោកប្រាក់ជិតមួយសែនដុល្លារពីម្ចាស់ផ្ទះ មានទីលំនៅក្នុងក្រុងកែប ខេត្តកែប។
ក្នុងសំណុំរឿងនេះដែរ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ឡុង កេសភីរម្យ គ្រោងសួរចម្លើយ ឈ្មោះ ម៉ន សុខមាន ដើម្បីបំភ្លឺលើបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា ដែលបានប្តឹងទាមទារឲ្យសងប្រាក់ជំពាក់ចំនួន៩៧៩៥៩ដុល្លារ ដែលខ្លួនបានទទួលយក ប៉ុន្តែមិនបានបំពេញកាតព្វកិច្ចសាងសង់ឲ្យបានចប់សព្វគ្រប់ តាមកិច្ចសន្យា។
យោងតាមឯកសារបានឲ្យដឹងថា អ្នកស្រី ប៉ុល លក្ខិណា ដែលមានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប បានសម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីសុំឲ្យតុលាការផ្តន្ទាទោសឈ្មោះ ម៉ន សុខមាន ពីបទឆបោក និងទាមទារប្រាក់ឲ្យសងប្រាក់មកវិញ។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ របស់លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត បានឲ្យដឹងថា ក្នុងបណ្តឹងរបស់អ្នកស្រី ប៉ុល លក្ខិណា អាយុ៣០ឆ្នាំ ពិតជាបទល្មើសឆបោក និងមានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា បទល្មើសនេះពិតជាបានកើតឡើងនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប កាលពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៨ តាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ ដូច្នេះតុលាការសម្រេចឲ្យឃុំខ្លួនឈ្មោះ ម៉ន សុខមាន ក្នុងពន្ធនាគារ ដើម្បីធានាការសងប្រាក់ដល់ម្ចាស់លុយ។
លោក ឯក ឆេងហួត បានបញ្ជាក់ក្នុងដីកាថា «អំពើខាងលើជបទល្មើសឆបោក [ដូច្នេះ] សម្រេចបើកការស៊ើបសួរ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ម៉ន សុខមាន [និង] ដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដើម្បីបង្ការបទល្មើសកុំឲ្យកើតជាថ្មី និងធានារក្សាជនត្រូវចោទជូនតុលាការចាត់ការតាមនីតិវិធី»។
តាមសម្ដីរៀបរាប់របស់អ្នកស្រី ប៉ុល លក្ខិណា ដែលជាម្ចាស់សំណង់ និងជាម្ចាស់លុយផង បានប្រាប់ឲ្យដឹងថា ខ្លួនជាអ្នកស្រុកភូមិជាមួយនឹងលោក ម៉ន សុខមាន ក៏ហៅលោកមកម៉ៅការសាងសង់ផ្ទះរបស់ខ្លួន ហើយព្រមទាំងបានប្រគល់ប្រាក់ជាដំណាក់កាលៗ ប៉ុន្តែក្រោយពេលប្រគល់លុយរួចរាល់ហើយ ស្រាប់តែឈ្មោះ ម៉ន សុខមាន ចាប់ផ្តើមគេចវេស លើកយកបញ្ហានេះបញ្ហានោះ ដើម្បីបញ្ឈប់បន្តសាងសង់ផ្ទះទៀត។
យោងតាមមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌបានចែងថា ប្រសិនបើតុលាការយកឃើញកំហុស ដូចការទាមទារពីអ្នកស្រី ប៉ុល លក្ខិណា មែននោះ ឈ្មោះ ម៉ន សុខមានអាចប្រឈមជាប់ពន្ធនាគារពីប្រាំមួយខែ ទៅបីឆ្នាំ និងពិន័យជាប្រាក់ពីមួយលានរៀល ទៅប្រាំមួយលានរៀន។ ប៉ុន្តែប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់កម្ពុជាតិថា ឈ្មោះ ម៉ន សុខមាន កំពុងតែស្វែងរកការជួយអន្តរគមន៍ពីស្រ្តីចៅក្រមម្នាក់ ប្រចាំសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ ដើម្បីគេចផុតពីការឃុំខ្លួនក្នុងពន្ធនាគារ៕