ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋ២ភូមិនៅឃុំអរិយក្សត្រនាំគ្នាតវ៉ាចំពោះការរំលោភយកដីព្រែករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់ឧកញ៉ាភឺន ផល្លា

ភ្នំពេញ៖  ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះបាននាំគ្នាតវ៉ាជំទាស់និងឧកញ៉ា ល្បីរឿងអាស្រូវដីធ្លី ឈ្មោះ ភឺន ផល្លា ដោយចោទប្រកាន់ ឧកញ៉ារូបនេះ ថា រំលោភយកដីព្រែកសាធារណៈរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។

ប្រជាពលរដ្ឋ មកពីភូមិអរិយក្សត្រ និងភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល បាននាំគ្នាផ្ទុះការតវ៉ា បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ទៅលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល​ ជួយអន្តរាគមន៍ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានឃុបឃិតគ្នាបន្លំធ្វើឯកសារមានស្នាមមេដៃរបស់ពួកគាត់(ប្រជាពលរដ្ឋ) ដើម្បីលួចធ្វើលិខិតផ្ទេរកម្មសិទ្ធិកាន់កាន់ដីព្រែកសាធារណៈរបស់រដ្ឋ ទៅឲ្យឧកញ៉ា ភឺន ផល្លា។

ពួកគាត់បានបញ្ជាក់ប្រាប់ថា ដីព្រែករបស់រដ្ឋនេះ មានប្រវែងរាប់គីឡូម៉ែត្រ នៅជាប់ផ្លូវស្របនិងមាត់ទន្លេមេគង្គត្រើយខាងកើត ចាប់ពីមុខវត្តអរិយក្សត្រ រហូតដល់មុខវត្តខ្សាច់ មានទំហំសរុបជាង១០ហិកតា ត្រូវបានអាជ្ញាធរឃុំអរិក្សត្រ និងអាជ្ញាធរស្រុកល្វាឯម ឃុបឃិតគ្នានធ្វើប័ណ្ណសិទ្ធិដាក់ឈ្មោះ ភឺន ផល្លា តាមរយៈការបន្លំឲ្យប្រជាពលរដ្ឋផ្តិតមេដៃលក់​​​ដោយខុសច្បាប់។

ប្រជាពលរដ្ឋបញ្ជាក់ថា ឧកញ៉ា ភឺន ផល្លា ប្រើអំណាចទឹកប្រាក់ ឲ្យអាជ្ញាធរក្នុងមូលដ្ឋានដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យផ្ដិតមេដៃ នៅលើឯកសារទាំងនោះដោយបញ្ជាក់ថា ពួកគាត់បានយល់ព្រមលក់ដីព្រែករបស់រដ្ឋទំហំជាង១០ហិកតានេះឲ្យខ្លួន។

សូមរំឭកថា ឧកញ៉ា ភឺន ផល្លា តែងតែប្រើរូបភាពបញ្ចុះបញ្ចូលប្រជាពលរដ្ឋនៅតាមបណ្តាស្រុក ក្នុងខេត្តកណ្ដាល ដើម្បីបោកបញ្ជោតពួកគាត់ឲ្យផ្តិតមេដៃលក់ដីបឹង ដីព្រៃលិចទឹក និងដីព្រែក ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ឧកញ៉ា ភឺន ផល្លា បានប្រើមេខ្យល់យ៉ាងហោចណាស់មាន៣នាក់ ឲ្យដើរប្រមូលប្រជាពលរដ្ឋនៅក្នុងភូមិព្រែកថ្មី ប្រមាណ១០០នាក់ ដោយជួបជុំគ្នានៅក្នុងវត្តកំពង់ចម្លង ឃុំជ័យធំ ឲ្យផ្តិតមេដៃលើឯកសារលក់ដីបឹងមួយឈ្មោះ បឹងខ្យង ទំហំប្រមាណ១០០ហិកតា ស្ថិតនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយពលរដ្ឋម្នាក់ទទួលបានប្រាក់ចំនួន១០០ដុល្លារពីមេខ្យល់រូបនេះ។

ប៉ុន្តែសកម្មភាពចង់ទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់បែបនេះ ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារមកពីភូមិជ័យតូច, តាគាត់កើត, តាគាត់លិច, ព្រែកថ្មី និងមកពីភូមិជ្រៃលាស់ ក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាំគ្នាផ្តិតមេដៃជំទាស់នឹងទង្វើលក់ដីឲ្យលោកឧកញ៉ា ភឺន ផល្លា ដែលបានចំណាយប្រាក់រាប់ពាន់ដុល្លារឲ្យប្រជាពលរដ្ឋដើម្បីឲ្យផ្តិតមេដៃលក់បឹងខ្យងដោយបំពានច្បាប់៕