ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើរឲ្យមន្ត្រីតាមមន្ទីរដាក់គម្រោងអែម (AIMS) ទៅក្នុងផែនការសកម្មភាព  និងតភ្ជាប់ផលិតផលជាមួយទីផ្សារ

កណ្តាល៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​បានស្នើរដល់មន្ត្រីនៅតាមមន្ទីរពាណិជ្ជកម្មទាំងអស់ ចូលរួមជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលគាំទ្រដោយមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ដើម្បីបង្កើនប្រាក់ចំណូលជូនប្រជាកសិករដែលជាអ្នកផលិត  និងប្រឹងប្រែងអភិវឌ្ឍន៍ទីផ្សារថ្មីបន្ថែមទៀត ដើម្បីជួយដល់អ្នកផលិតទាំងអស់ ធ្វើការលក់ផលិតផលបានកាន់តែច្រើន។

លោករដ្ឋមន្ត្រី បានថ្លែងបែបនេះ  ក្នុងពិធីប្រកាសចូលកាន់មុខតំណែងផ្លូវការរបស់លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលថ្មី ជំនួសលោក ឃឹម សុផល (ចូលនិវត្តន៍) ។កាលពីថ្ងៃអង្គារ៍ ទី០៤ ខែមីនា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល ។

លោកប៉ាន សូរស័ក្តិ មានប្រសាសន៍ថា៖ «ការងារនេះ មិនមែនជាការងារបន្ថែមទេ គឺត្រូវបញ្រ្ជាបចូលទៅក្នុងការងារស្នូលរបស់មន្ទីរទាំងអស់ ដើម្បីជាបទពិសោធន៍មួយថ្មី សម្រាប់មន្ទីរពាណិជ្ជកម្មរបស់យើង ក្នុងការអនុវត្តផែនការសកម្មភាពរបស់ខ្លួន» ។

លោករដ្ឋមន្ត្រី  បានផ្តល់អនុសាសន៍ដល់ប្រធានមន្ទីពាណិជ្ជកម្មថ្មី
ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួន ខិតខំសិក្សារៀនសូត្រជំនាញភាសាបរទេស និងកំព្យូទ័រ ដើម្បីដើរឱ្យទាន់សម័យកាលឌីជីថលថ្មី
ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងគណៈអភិបាលខេត្ដ ។
ត្រូវចេះសម្របសម្រួលរាល់បញ្ហារបស់អង្គភាព និងចេះធ្វើទំនាក់ទំនងរវាងខ្សែបណ្ដោយ និងខ្សែទទឹង ដើម្បីដោះស្រាយបញ្ហា ដោយផ្អែកលើគោលការណ៍ច្បាប់។
ត្រូវចេះប្រើប្រាស់ធនធានមនុស្សដែលនៅជុំវិញខ្លួន ដោយមិនរើសអើង មិនប្រកាន់បក្សពួកធ្វើយ៉ាងណា ផ្ដល់ភាពកក់ក្ដៅដល់សហការី និងចេះផ្ដល់ឱកាសដល់មន្រ្តីក្រោមឱវាទ បានចូលរួមបញ្ចេញមតិ ជួយយើងក្នុងការសម្រេចកិច្ចការទូទៅ ត្រូវគោរពតាមឋានានុក្រមការងារ៕