ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលរដ្ឋឃុំអរិយក្សត្រ ស្រុកល្វាឯម នាំគ្នាផ្តិតមេដៃប្តឹងទៅអភិបាលខេត្តកណ្តាល ជួយអន្តរាគមន៍ខ្លាចឧកញ៉ា ភឺន ផល្លា លួចធ្វើប្លង់បន្លំយកដីព្រែក

កណ្តាល៖ ប្រជាពលរដ្ឋជាង៦០នាក់ជាង២៥០គ្រួសារ នៅឃុំអរិយក្សត្រ ស្រុកល្វាឯម នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នំា២០១៩នេះ បានផ្តិតមេដៃលើញត្តិសុំអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល ករណីឧកញ៉ាឈ្មួញដីឈ្មោះ ភឺន ផល្លា បន្លំធ្វើបណ័្ណយកព្រែកសាធារណៈរបស់រដ្ឋ និងដីរបស់ប្រជាពលរដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋមកពីភូមិអរិយក្សត្រ និងភូមិខ្សាច់ បានប្រមូលផ្តំគ្នាអស់រយៈពេលបួនថ្ងៃជាប់គ្នា នៅក្នុងវត្តសុវណ្ណសាគរ ហៅវត្តបន្ទាយ ក្នុងឃុំអរិយក្សត្រ គឺចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីទាមទារឲ្យអាជ្ញាធរមូលដ្ឋានជួយដោះស្រាយបញ្ហាដីព្រែកដែលលោកឧកញ៉ា ភឺន ផល្លា បន្លំធ្វើឯកសារកម្មសិទ្ធិរំលោភយកដោយខុសច្បាប់។

ពលរដ្ឋម្នាក់ដែលបានចូលរួមធ្វើញត្តិតវ៉ានេះ បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា ពួកគាត់ទាំងពីរភូមិ នាំគ្នាតវ៉ាការពារផលប្រយោជន៍ខ្លួន ដោយព្រួយបារម្ភខ្លាចឧកញ៉ា ភឺន ផល្លា បន្លំធ្វើប័ណ្ណកម្មសិទ្ធិយកដីលំនៅដ្ឋានរបស់ពួកគេ ក្រោយពីបែកធ្លាយឯកសារមិនប្រក្រតីមួយចំនួន បង្ហាញឲ្យឃើញថា ឧកញ៉ារូបនេះ បានប្រើស្នាមមេដៃរបស់ពួកគាត់ជាលេសយកដីព្រែកនៅជាប់ផ្ទះរបស់ពួកគាត់។

លោកបានមានប្រសាសន៍ដូច្នេះថា​​​ «ដោយសារឯកសារមិនប្រក្រតី មិនបញ្ជាក់ទំហំដី និងទីតាំងដីពិតប្រាកដ ទើបប្រជាពលរដ្ឋភ័យខ្លាចអស់ដីនៅ ខ្លាចក្រុមហ៊ុនយកអស់»។

លោក ឌុច​​​ ចាន់ មេឃុំអរិយក្សត្រ បានមានប្រសាសន៍ប្រាប់ ថា លោកបានទទួលយកញត្តិទាមទារនេះ និងនាំយកសំណូមពររបស់ប្រជាពលរដ្ឋទៅពិភាក្សាជាមួយអភិបាលស្រុកល្វាឯម និងអភិបាលខេត្តកណ្ដាល ដើម្បីមានគោលការណ៍ដោះស្រាយ។

លោកមេឃុំ បានមានប្រសាសន៍ថា «គាត់សុំសម្របសម្រួលត្រឹមឃុំ តែយើងនឹងសុំយោបល់ទៅស្រុក និងទៅខេត្តសិន ដើម្បីសម្រេចថា គួរធ្វើយ៉ាងណា។ ប្រជាជនភ័យខ្លាចក្រុមហ៊ុនកាត់យកដីរបស់ពួកគាត់»។​​​

ប្រជាពលរដ្ឋបានចោទប្រកាន់ថា ឧកញ៉ា ភឺន ផល្លា បានប្រើអំណាចទឹកប្រាក់ ឲ្យអាជ្ញាក្នុងមូលដ្ឋានដើរបញ្ចុះបញ្ចូលប្រជាពលរដ្ឋឲ្យផ្ដិតមេដៃ នៅលើឯកសារបញ្ជាក់ថា ពួកគាត់បានយល់ព្រមលក់ដីព្រែករបស់រដ្ឋទំហំជាង១០ហិកតានេះឲ្យខ្លួន។

សូមរំឭកថា ឧកញ៉ា ភឺន ផល្លា តែងតែប្រើរូបភាពបញ្ចុះបញ្ចូលប្រជាពលរដ្ឋនៅតាមបណ្តាស្រុក ក្នុងខេត្តកណ្ដាល ដើម្បីបោកបញ្ជោតពួកគាត់ឲ្យផ្តិតមេដៃលក់ដីបឹង ដីព្រៃលិចទឹក និងដីព្រែក រាប់រយហិកតា ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។

សកម្មភាពចង់ទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់បែបនេះ ត្រូវបានប្រជាពលរដ្ឋរាប់រយគ្រួសារមកពីភូមិជ័យតូច, តាគាត់កើត, តាគាត់លិច, ព្រែកថ្មី និងមកពីភូមិជ្រៃលាស់ ក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាំគ្នាផ្តិតមេដៃជំទាស់នឹងទង្វើលក់ដីឲ្យលោកឧកញ៉ា ភឺន ផល្លា ដែលបានចំណាយប្រាក់រាប់ពាន់ដុល្លារឲ្យប្រជាពលរដ្ឋទាំងនេះ ដើម្បីឲ្យផ្តិតមេដៃលក់បឹងខ្យងដោយបំពានច្បាប់៕