ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា​-​ឡាវ​ នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ថែម​ទៀត​ 

​ភ្នំពេញ​៖​ កម្ពុជា​-​ឡាវ​ នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ថែម​ទៀត​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្សេងៗ​ ខណៈ​បច្ចុប្បន្ន​ មាន​ច្រក​អន្ដរជាតិ​រួម​គ្នាគឺ​ច្រក​ត្រពាំង​គ្រៀល​ ណងណុ​ង​ឃៀន​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​។​

លោក ផាត​ សុ​ផានិត​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្ដរជាតិ​ នៃ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​ ឆ្នាំ​២០១៩​ ក្រោម​អ​ធិ​តី​ភាព​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ និងលោកឧត្តមសេនីយ៍ឯក​ Vilay​ Lakhamephong​ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ ថា​ ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​ថ្មី​ ដែល​ភាគី​កម្ពុជា​-​ឡាវ​ កំពុង​សិក្សា​រួម​គ្នា​ដើម្បី​បើក​នៅ​ខេត្តរតនគិរី​ ឬ​នៅ​ខេត្តស្ទឹងត្រែង​ ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។​

លោក​ ផាត​ សុ​ផានិត​ បានបញ្ជាក់​ថា​ «​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ដើម្បី​ធ្វើ​យ៉ាងណា​ពិនិត្យ​លទ្ធភាព​ ដើម្បី​ពង្រីក​ការ​បើក​ច្រក​ទ្វារ​ព្រំដែន​បន្ថែម​ទៀត​ ដើម្បី​លើកកម្ពស់​ការ​ផ្ដាស់​ប្ដូរ​រវាង​ប្រជាជន​ និង​ប្រជាជន​ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ ​នេះ​ជា​ទិស​ដៅ​សំខាន់​ លើ​កិច្ច​សហប្រតិបត្តិការ​ដែល​បាន​ព្រមព្រៀង​គ្នា​»​។​

លោក​ ផាត​ សុ​ផានិត​ ​បន្ថែម​ថា​ កម្ពុជា​-​ឡាវ​ នៅ​តែ​បន្ដ​សន្យា​ជាមួយ​គ្នា​ ខិតខំ​បង្ក្រាប​ និង​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ ដែល​កើតឡើង​នៅ​តាម​ព្រំដែន​ នៃ​ប្រទេស​ទាំង​ពីរ​ ដើម្បី​រក្សា​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ របៀបរាបរយ​ ក្នុង​ន័យ​រក្សា​សុវត្ថិភាព​ជូន​ជាតិ​ និង​ប្រជាជន​ផង​ដែរ​៕