រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយថា ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ពីសហភាពអ៊ឺរ៉ុប, កម្ពុជាមិនចង់ពឹងផ្អែកលើ EBA រហូតនោះឡើយ ពោលគឺកម្ពុជាចង់រំដោះខ្លួនពីការពឹងពាក់លើ EBA ទោះមាន EBA ឬក៏គ្មាន EBA កម្ពុជានៅតែបន្តកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អថែមទៀតជាមួយបណ្តាប្រទេសជាសមាជិក នៃសហភាពអ៊ឺរ៉ុបទាំងអស់។
លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយ លោកManfred Grund គណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់ នៅទីស្តីការក្រសួង ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ។
លោក វង្សី វិស្សុត ថា ក្នុងរយៈពេល ២០ឆ្នាំមកនេះ កម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរដ៏ធំធេង នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។ ជាក់ស្តែងកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាជាធម្យម ៧,៧% ក្នុងមួយឆ្នាំ ហើយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា WB និង IMF ជាដើម។
កម្ពុជាជាប្រទេសដែលមានកំណើនខ្ពស់ និងរឹងមាំ ក្នុងនោះស្ថាប័នស្រាវជ្រាវលំដាប់ពិភពលោកដ៏ល្បីល្បាញ Mckensey របស់អាមេរិក បានការវាយតម្លៃថា កម្ពុជាស្ថិតនៅក្នុងចំណោមក្រុមប្រទេសទាំង ១១ ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងលោកទៀតផង។
លោក វង្សី វិស្សុត បន្តថា ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចនេះ បច្ចុប្បន្នអាល្លឺម៉ង់ក៏ជាប្រទេសមានទីផ្សារធំរបស់កម្ពុជា ដូចនេះយើងអាចបន្តធ្វើការពិភាក្សារបន្ថែមនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មទ្វេភាគីជាបន្តទៀត ដោយឡែកចំពោះបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA ពីសហភាពអ៊ឺរ៉ុប, កម្ពុជាមិនចង់ពឹងផ្អែកលើ EBA រហូតនោះដែរ ពោលគឺកម្ពុជាចង់រំដោះខ្លួនពីការពឹងពាក់លើ EBA ទោះមាន EBA ឬក៏គ្មាន EBA កម្ពុជានៅតែបន្តកសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់ល្អថែមទៀត ជាមួយបណ្តាប្រទេសជាសមាជិកនៃសហភាពអ៊ឺរ៉ុបទាំងអស់។
លោក Manfred Grund ប្រធាននៃគណៈប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់ ថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទៅថ្ងៃមុខទៀត ភាគីអាល្លឺម៉ង់នឹងជួយគាំទ្រដល់កម្ពុជាបន្តទៀត ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាល្លឺម៉ង់អាចមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ ចំណែកពាក់ព័ន្ធនិងការអនុគ្រោះពាណិជ្ជកម្មពី EBA វិញ “កម្ពុជាមិនគួរត្រូវបានគេបិទផ្លូវ ឬទទួលរងនូវទណ្ឌកម្មនោះទេ ដោយត្រូវតែបន្តជួយគាំទ្រដល់ការខិតខំប្រឹងប្រែងនេះតទៅមុខទៀត”៕