ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទូតចិនលើកឡើងថា ចាប់តាំងរីករាលដាល ជំងឺកូវីដ-១៩ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា នៅតែមានកំណើន

ភ្នំពេញ៖យោងតាម គេហទំព័រហ្វេសប៊ុក ស្ថានទូតចិន ប្រចាំ កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ជំងឺកូវីដ-១៩ រីករាលដាលទូទាំងពិភពលោក ប៉ុន្តែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ចិន-កម្ពុជា នៅតែមានកំណើនដដែល។

ក្នុងវេទិកា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ចិន-កម្ពុជា ថ្មីៗនេះ លោក Wang Wentian បានថ្លែងថា «ចិន និងកម្ពុជា គឺជាប្រទេសជិតខាងល្អ មិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ។កិច្ចសហ​ប្រតិ​បត្តិ​ការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានសុខុមាលភាពល្អ និងមានស្ថិរភាព​យូរ​មក​ហើយ។

ចាប់តាំងពីឆ្នាំ២០២០ ជំងឺវីរុសកូវីដ-១៩ បានរីករាលដាល ទូទាំងពិភពលោក ប៉ុន្តែកិច្ចសហ​ប្រតិ​បត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិន និងកម្ពុជា នៅតែមានកំណើនដដែល»។

លោក បន្ដថា សមិទ្ធផល​ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែល​ទទួលបាន នាពេលបច្ចុប្បន្ននេះ គឺដោយសារតែ ប្រទេសទាំងពីរ មានការជឿទុកចិត្តគ្នា ទៅវិញទៅមក មាន​គំនិតកិច្ចសហប្រតិបត្តិការ គោរពគ្នាទៅវិញទៅមក ទទួលបានអត្ថប្រយោជន៍ ជោគជ័យរួម និងព្រម​ទាំង​ការពង្រីក ឥតឈប់ឈរ ដោយផ្អែកលើមូលដ្ឋាន នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ជួយបំពេញឱ្យគ្នា ទៅវិញ​ទៅ​មកកម្រិតខ្ពស់។

លោក បន្ថែមថា បច្ចុប្បន្ននេះ ប្រទេសទាំងពីរកំពុង ស្ថិតក្នុងដំណាក់កាលដ៏សំខាន់ នៃការអភិវឌ្ឍន៍ ភាគី​ទាំងពីរ ត្រូវពង្រឹងការផ្ទៀងផ្ទាត់ យុទ្ធសាស្ត្រថែមមួយកម្រិតទៀត ប្រើប្រាស់ឱ្យបានល្អ នូវផលប្រយោជន៍ គោលនយោបាយ ដើរតួនាទីលក្ខណៈពិសេស ក្នុងការបំពេញចន្លោះឱ្យគ្នា ទៅវិញទៅមក អនុវត្តគម្រោង កិច្ចសហប្រតិបត្តិការសំខាន់ៗ។

លោកទូត សង្ឃឹមថា ភាគីទាំងពីរ នឹងបន្តខិតខំប្រឹងប្រែង ជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​សេដ្ឋ​កិច្ច និងពាណិជ្ជកម្ម រវាងចិន និងកម្ពុជា កាន់តែស៊ីជម្រៅ ដើម្បីផ្តល់អត្ថប្រយោជន៍ រឹតតែច្រើនសម្រាប់​ប្រជា​ជន ប្រទេសទាំងពីរ និងបំពេញតួនាទី សម្រាប់បេសកកម្មអភិវឌ្ឍ ប្រកបដោយស្ថិរភាព នៅក្នុង​តំបន់​អាស៊ី និងលើពិភពលោក។

លោក Zheng Qingdong ប្រធាននិងជានិពន្ធនាយក នៃសារព័ត៌មាន China Economic Daily បាន​លើក​ឡើងថា សមិទ្ធផលកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងកម្ពុជា ទទួលបានយ៉ាង​ច្រើនអនេក គួរឱ្យកត់សម្គាល់ គម្រោងសំខាន់ៗ ជាច្រើនត្រូវបានអនុវត្ត។

ស្ថិតក្រោមក្របខ័ណ្ឌ នៃកិច្ច​សហ​ប្រតិបត្តិការ ឡានឆាង-មេគង្គ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ តែងបោះជំហាន ទៅមុខ​យ៉ាង​រលូន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចិននិងកម្ពុជា ត្រូវបានចុះហត្ថលេខា កាលពីខែតុលា ឆ្នាំ២០២០ នេះបានបង្ហាញឱ្យឃើញ ពីភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃភាគីទាំងពីរ កិច្ច​កសាង​សហគមន៍វាសនារួមគ្នា និងកិច្ចសហប្រតិបត្តិការ ខ្សែក្រវាត់​និងផ្លូវ ​បានឈានដល់ ដំណាក់​កាល​ថ្មីមួយទៀត។

ដោយឡែក លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ភិ​បាល នៃវិទ្យាស្ថានAVI បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងកូវីដ ជាច្រើនដល់កម្ពុជា បាន​ជួយ​ពន្លឿនការអនុវត្ត គោលដៅចាក់វ៉ាក់សាំង ការពារវីរុសកូវីដ។

នេះបានបង្ហាញកាន់តែច្បាស់ អំពី​ចំណង​មិត្តភាពដ៏ជ្រាលជ្រៅ រវាងកម្ពុជានិងចិន ក្នុងពេលដ៏ចាំបាច់។ ភាគីទាំងពីរ ត្រូវយកចិត្តទុកដាក់​បន្ថែម​ទៀត និងពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទាំងពីរប្រទេស និងខិតខំរួមគ្នា ដើម្បី​ជៀសផុត​ពី​ផល​ប៉ះពាល់ នៃជំងឺវីរុសមួយនេះ ឱ្យបានឆាប់រហ័ស៕