ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក ធ្វើទស្សនកិច្ចប្រេស៊ីល

បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជួបជាមួយ ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro ក្នុងដំណើរទស្សនកិច្ច ផ្តោតគោលដៅលើ លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខក្នុងតំបន់ បម្រែបម្រួលអាកាសធាតុ និងសហប្រតិបត្តិការ ក្នុងការឆ្លើយតប ចំពោះជម្ងឺកូវីដ១៩។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ដំណើរទស្សនកិច្ច របស់លោក Sullivan នេះ គឺជាដំណើរទស្សនកិច្ច លំដាប់ខ្ពស់បំផុត របស់អាមេរិក ទៅកាន់ប្រេស៊ីល ចាប់តាំងពី រដ្ឋបាលលោក បៃដិន ឡើងកាន់អំណាចក្នុងរយៈពេល ជិត៨ខែកន្លងមកនេះ និងមានគោលបំណងជំរុញ បង្កើនចំណងមិត្តភាព រវាងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ដ៏ធំបំផុតទាំងពីរ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង ស្របពេលមាន ជម្លោះនយោបាយ កើនឡើង រវាងលោក Bolsonaro និងតុលាការប្រេស៊ីល ជុំវិញការទទូចរបស់លោកថា ប្រព័ន្ធបោះឆ្នោត តាមអេឡិកត្រូនិក បើកទូលាយចំពោះការក្លែងបន្លំ និងគួរតែធ្វើការផ្លាស់ប្តូរ។

ចំណែកក្រុមអ្នកប្រឆាំងនឹងលោក បាននិយាយថា លោក Bolsonaro ដូចគ្នាទៅនឹងអតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែសាបព្រោះ នូវមន្ទិលសង្ស័យ ក្នុងករណីដែលោកចាញ់ ការបោះឆ្នោត នៅឆ្នាំក្រោយ ហើយនៅពេលថ្មីៗនេះ លោកបានគម្រាមមិនទទួលស្គាល់ លទ្ធផលឆ្នោត៕

ប្រែសម្រួល៖ប៉ាង កុង

ប្រភព៖ដើមអម្ពិល