ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមនិស្សិតកម្ពុជា ជួបសម្តែងការគួរសមជាមួយជំទាវទី១ កូរ៉េខាងត្បូង មុនដំណើរទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី មូន ចេអ៊ីន  មកកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖និស្សិតកម្ពុជាចំនួន១០រូប រួមទាំងនិស្សិតមកពីប្រទេសពីរផ្សេងទៀត ក្នុងតំបន់អាស៊ានគឺប្រ៊ុយណេ និងម៉ាឡេស៉ី ត្រូវជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយលោកជំទាវទី១ គីម ជុងស៊ុក (Kim Jung-sook) ភរិយារបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន (Moon Jae-in នៅវិមានប្រធានាធិបតី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។

យោងតាមការផ្សាយរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង និងសមាគមនិស្សិតខ្មែរ ដែលកំពុងរៀននៅទីនោះ បានឲ្យដឹងថា ក្រុមនិស្សិតទាំងនេះ ត្រូវបានលោកជំទាវទី១ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងពិភាក្សាការងារ នៅមុនដំណើរទស្សកិច្ចផ្លូវរដ្ឋ មកកាន់ព្រះរាជាណាចក្រកម្ពុជា​​​ នៅពាក់កណ្តាលខែមីនានេះ។

ក្រុមនិស្សិតកម្ពុជា បានមានប្រសាសន៍លើកឡើងអំពីជំនួបនេះថា «យើងទាំងអស់គ្នា ពិតជាទទួលបាននូវពេលវេលាដ៏អស្ចារ្យ ជាមួយនឹងការសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល។ សូមអរគុណ ចំពោះមជ្ឈមណ្ឌលអាស៊ានប្រចាំប្រទេសកូរ៉េ និងបណ្តាញយុវជនអាស៊ាននៅកូរ៉េ ដែលបានផ្ដល់ឱកាសដ៏ពិសេសនេះជូនដល់និស្សិតទាំងអស់គ្នា។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវទី១នៃសាធារណរដ្ឋកូរ៉េ ដែលបានចំណាយពេលដ៏មានតម្លៃសម្រាប់ពួកយើង»។ 

ក្រុមនិស្សិត បានបញ្ជាក់ទៀតថា លោកជំទាវទី១ បានសំណេះសំណាល និងពិភាក្សាជាមួយក្រុមនិស្សិត អំពីប្រធានបទផ្សេងៗគ្នា ដូចជាមូលហេតុដែលជំរុញពួកគេមកសិក្សានៅប្រទេសកូរ៉េ ជីវិតរស់នៅ និងបទពិសោធន៍សិក្សានៅកូរ៉េ និងអំពីប្រព័ន្ធអប់រំនៅកូរ៉េ ព្រមទាំងការចូលរួមចំណែករបស់ពួកគេសម្រាប់ការអភិវឌ្ឍប្រទេស ក្រោយពេលបញ្ចប់ការសិក្សា។

សូមបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា តប​តាម​ការអញ្ជើញ​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។

​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ បង្ហាញថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក មូ​ន ចេ​អ៊ី​ន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ហើយ​និង​ជួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីប្រកាស លើកឡើងទៀតថា លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយក​រដ្ឋ​ម​ន្រី្ត ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការ​ជម្រុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​ក្រសួងការបរទេស បន្តថា លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​

​សេចក្តីប្រកាស បន្ថែមថា ទស្សនកិច្ច​លើកដំបូង មកកាន់​កម្ពុជា​របស់​លោក​ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍​ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​។

.​ប្រវត្តិរូប​សង្ខេប​រប​ស់លោក មូ​ន ចេ​អិន​៖
​កើត​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​១៩៥៣ លោក មូ​ន ចេ​អិន បាន​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី ទី​១៩ របស់​កូរ៉េខាងត្បូង កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧ បន្ត​ពី​លោកស្រី ផាក ឃុន​ហេ​។​

​ជា​អតីត​សកម្មជន​និស្សិត ជា​មេធាវី​ផ្នែក​សិទ្ធិមនុស្ស និង​ធ្លាប់ជា​នាយក​ខុទ្ទកាល័យ​របស់លោក​ប្រធានាធិបតី រូ មូ​យុន កាលពី​ឆ្នាំ​២០០៧-២០០៨ លោក មូ​ន ចេ​អិន ជា​អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ Democratic Party នៅ​ឆ្នាំ​២០១៥-២០១៦​។ លោក​មូ​ន​ចេ​អិន ក៏​ជា​សមាជិក​ទី​១៩ នៃ​រដ្ឋសភា​កូរ៉េ កាលពី​ឆ្នាំ​២០១២-២០១៦​។​

​លោក មូ​ន ចេ​អិន ជា​បេក្ខជន​ប្រធានាធិបតី​កូរ៉េ នៅ​អតីត​គណបក្ស Democratic United Party នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី កាលពី​ឆ្នាំ​២០១២​។ តែ​កាលណោះ លោក មូ​ន ចេ​អិន ចាញ់ឆ្នោត​លោកស្រី ផាក ឃុន​ហេ​។​

​ក្នុង​តំណែង​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អិន បាន​ជួបចរចា ៣​លើក ជាមួយ​លោក​ប្រធានាធិបតី​កូរ៉េខាងជើង គីម ជុង​អុន គឺ​នៅ​ខែមេសា ឆ្នាំ​២០១៨ នៅ​ខែឧសភា ឆ្នាំ​២០១៨ និង​នៅ​ខែកញ្ញា ឆ្នាំ​២០១៨៕​