ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការចេញដីកាឃុំខ្លួនជនជាតិអាមេរិកាំងម្នាក់ពីបទទិញពេស្យាចារកុមារក្រោមអាយុ១៥ឆ្នាំ

ភ្នំពេញ៖ លោក ឡុង វណ្ណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិអាមេរិកាំងម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើសរួមភេទជាមួយកុមារ និងទិញពេស្យាចារកុមារក្រោមអាយុ១៥ឆ្នាំ។

លោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ឈ្មោះPOPE DANNY LEE ហៅ រ៉ានី ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិអាមេរិកាំងកាន់លិខិតឆ្លងដែនលេខ 546245420 ពីបទ រួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំ និងការទិញពេស្យាចារកុមារ ប្រព្រឹត្តកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាយីហោ ស្រីនាង ៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យោងតាមមាត្រា ៤២ និងមាត្រា ៣៤ នៃច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

គួររំលឹកថា កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឃាត់ខ្លួនជនត្រូវចោទកាលពីល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចកើតហេតុខាងលើ។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស នេះ សមត្ថកិច្ច រកឃើញជនរងគ្រោះចំនួន ០៥នាក់ នៅក្នុងនោះមាន កុមារីចំនួន ០៣នាក់។ ក្រោយសាកសួរ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅទទួលការអប់រំ និងបណ្តុះបណ្តាល នៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕