ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី០៨ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសមាជិកនៃមូលនិធិសមាគមស៊ីក្លូកម្ពុជា នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ក្រោយបញ្ចាប់ពិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន និងពិសាអាហារសាមគ្គីជាមួយបងប្អូនអ្នកធ្លាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិសមាគមត្រីចក្រយានកម្ពុជា ឬមូលនិធិសមាគមស៊ីក្លូ ចំនួន ៣២០ នាក់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាតំណាងមូលនិធិសមាគមត្រីចក្រយានកម្ពុជា បានលើកឡើងថា ចាប់តាំងពីបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ សមាគមមានសមាជិកសកម្ម ៣២៣រូប តែមកដល់ពេលនេះ នៅសល់សមាជិកសកម្ម ជាអ្នកធាក់ស៊ីក្លូ តែ ៣២០ រូបទេ ដោយសារតែសមាជិក ៣រូប ស្លាប់ ដោយចាស់ជរា និងរោគាពាធ។ នៅឆ្នាំ២០១៨ មូលនិធិស៊ីក្លូ មានថវិកាចំនួន ៥៧០លានរៀល និង ៤៩៩០០០ ដុល្លារអាមេរិក។ ក្នុងនោះ ថវិការបស់សម្តេចតេជោ ហ៊ុន សែន ចំនួន ៥០០ លានរៀល និង ២៤ម៉ឺនដុល្លារ។ នៅឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តឧបត្ថម្ភថវិកាប្រចាំឆ្នាំ ២៤ម៉ឺនដុល្លារ ព្រមទាំងសប្បុរសជននានា និងអ្នកឧកញ៉ាជាច្រើនរូបផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចរៀបចំបង្កើតសមាគមមូលនិធិស៊ីក្លូនេះ មិនមែនជាការនឹកឃើញមួយឆាវ ដូចភ្លើងចំបើងនោះទេ គឺសម្តេចរៀបចំនេះ ក្នុងគោលដៅវែងឆ្ងាយ ហើយបន្តឲ្យមានជានិរន្ត ដើម្បីគាំពារដល់សមាជិកមូលនិធិ ជាកម្មករស៊ីក្លូរបស់យើង។ បើសម្តេចនៅតែជានាយករដ្ឋមន្ត្រី ឬក៏នាយករដ្ឋមន្ត្រី ចេញមកពីគណបក្សប្រជាជនកម្ពុជា គឺមូលនិធិនេះ នៅតែបន្តមាន។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះសំណាល និងពិសាបាយជាមួយបងប្អូនធាក់ស៊ីក្លូ នៅកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ស៊ីក្លូ គឺជាអត្តសញ្ញាណមួយរបស់ជាតិយើង ដែលយើង ត្រូវនាំគ្នាថែរក្សាកុំអោយបាត់បង់។ ក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសបើកជាផ្លូវការនូវ “សមាគមមូលនិធិត្រីចក្រយាន ឬមូលនិធិស៊ីក្លូ”។
មូលនិធិស៊ីក្លូ ចាប់ផ្តើមពីថវិកាសប្បុរស ៥០០ លានរៀល ដែលបានទទួលពីសប្បុរសជននានា និងពាណិជ្ជករនៅក្នុងប្រទេស។ សមាជិកជាអ្នកធ្លាក់ស៊ីក្លូទាំងអស់ នឹងទទួលបាននូវផលប្រយោជន៍ រួមមាន៖
១)ប្រាក់ជួលស៊ីក្លូ ប្រចាំថ្ងៃ ២០០០៛
២) ប្រាក់អាហារ ៥០០០រៀល
៣) សេវាថែទាំសុខភាព និងព្យាបាលដោយឥតគិថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ ដែលផ្តល់ដោយមូលនិធិសមធម៌។
ក្នុងពិធីជួបជុំ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ សមាជិកអ្នកធាក់ស៊ីក្លូ ទាំង ៣០៨ នាក់ ទទួលបានប្រាក់ឧបត្ថម្ភ ៥៧ ម៉ឺនរៀល ក្នុងម្នាក់ (៥០០.០០០៛ ជាអំណោយ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ៧០.០០០៛ ប្រាក់ពីមូលនិធិ) ព្រមទាំងភួយ អាវរងារ កន្សែង ក្រមា អាវភ្លៀង មុង និងអង្រឹងជ្រលក់ថ្នាំការពារមូស។
ក្នុងកម្មវិធីជួបជុំលើកដំបូង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ មូលនិធិស៊ីក្លូសរុប ដែលទទួលបានជាបឋម គឺមានប្រាក់វិភាគទានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០០លានរៀល និង២៤០.០០០ ដុល្លារ ព្រមទាំងប្រាក់សប្បុរជនជាង ២០០.០០០ ដុល្លារថែមទៀត៕