ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់បាឋកថាតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) លើប្រធានបទ ស្តីពី៖ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់សិក្ខាកាមជាន់ខ្ពស់នៃវគ្គបណ្តុះបណ្តាលរបស់សាលា ភូមិន្ទរដ្ឋបាល សរុបប្រមាណ១៥០រូប
នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ ២០២១ នៅទីស្តីការក្រសួង។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញផ្តល់បាឋកថា តាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) តាមការអញ្ជើញរបស់សាលាភូមិន្ទរដ្ឋបាល លើប្រធានបទស្តីពី៖ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់សិក្ខាកាមជាន់ខ្ពស់ នៃវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ តាមរយៈសាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក សរុបប្រមាណ ១៥០រូបមកពី២៧ស្ថាប័ន ដែលជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិ។
លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និង ជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងថា៖ ការចូលរួមចំណែករបស់ លោកទេសរដ្ឋមន្ត្រីក្នុង ការផ្តល់បាឋកថានាពេលនេះជាសកម្មភាពដ៏ថ្លៃថ្លា ដើម្បីជួយពង្រឹងនូវប្រសិទ្ធភាពនៃការកសាងធនធាន មនុស្សស្របតាមគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងវិស័យសាធារណៈរបស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាដើម្បីពង្រឹងដំណើរការបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាលឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងស្របតាមការវិវត្តថ្មីៗរបស់សង្គមផងដែរ។
ទេសរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ជូនសិក្ខាកាមទាក់ទងនឹងភាពជាអ្នកដឹកនាំ ដែលបានបម្រើការនៅក្នុងវិស័យឯកជន ជាពិសេសនៅក្នុងក្រុមហ៊ុន General Electric របស់សហរដ្ឋអាមេរិកអស់រយៈពេល១៦ឆ្នាំ ប្រវត្តិការងារនៃភាពជាអ្នកដឹកនាំនៅក្នុងស្ថាប័ននានារបស់ រាជរដ្ឋាភិបាល និងបានបង្ហាញជូនអំពីភាពជោគជ័យនៃការងារកំណែទម្រង់ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូនក្នុងផែនការរយៈពេល១០០ថ្ងៃ នៃការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ និងដំបូន្មានល្អៗជូនដល់អង្គសិក្ខាកាមថា៖ បើយើងចង់ក្លាយខ្លួនជាអ្នកដឹកនាំក្នុងការបម្រើប្រទេសជាតិប្រកបដោយប្រសិទ្ធភាព យើងត្រូវមានបទពិសោធន៍ច្រើន ត្រូវមានភាពក្លាហាន ត្រូវខិតខំស្រូបយកចំណេះវិជ្ជាអំពីការងារផ្សេងៗគ្នា កុំឱ្យនៅមួយកន្លែង ជាពិសេស ត្រូវប្រែក្លាយខ្លួនឱ្យទៅជាអ្នកចេះដឹងទូទៅ(Generalist) កុំធ្វើត្រឹមតែជាអ្នកជំនាញ (Specialist) និងត្រូវយល់គ្រប់ចំណែកទាំងអស់នៃការងារ។
ជាងនេះទៅទៀតមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបទពិសោធន៍ទាក់ទងនឹងការកែទម្រង់របៀប ធ្វើការងារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន ដោយបានសង្កាត់ធ្ងន់ថា៖ យើងមានរយៈពេលយ៉ាង យូរប្រាំមួយខែប៉ុណ្ណោះ ដើម្បីធ្វើការកែទម្រង់របៀបធ្វើការឱ្យបានជោគជ័យ ដោយហេតុថា៖ អ្នកខ្លះមិនចង់ កែទម្រង់របៀបធ្វើការ អ្នកខ្លះខ្លាចការកែទម្រង់របៀបធ្វើការ និងអ្នកខ្លះទៀតចង់អោបក្រសោបរបៀបធ្វើការ ចាស់ ដូច្នេះការកែទម្រង់របៀបធ្វើការមិនមែនជាការងារងាយស្រួលនោះឡើយ។
ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អង្គសិក្ខាកាមផងដែរថា៖ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះលើកទឹកដល់មន្ត្រីក្រោមឱវាទ មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ប៉ុន្តែថ្នាក់ដឹកនាំគួរតែទទួលយកខុស បានហើយ ទុកឱ្យមន្ត្រីក្រោមឱវាទជាអ្នកទទួលយកត្រូវ និងបានរំលឹកឡើងវិញផងដែរនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីថា៖ មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រទេ ត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព ។
ទេសរដ្ឋមន្ត្រីបានធ្វើកត់សម្គាល់បន្ថែមថា៖ ក្នុងសង្គមយើងសព្វថ្ងៃនេះមានមនុស្សចំនួនបួនប្រភេទគឺ៖ អ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកទិតៀន ក្នុងចំណោមមនុស្សបួនប្រភេទនេះ ចូរកុំធ្វើខ្លួនជាអ្នកថា និងអ្នកឈរមើល គួរចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើន។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាលាភូមិន្ទរដ្ឋបាល ដែលបានយកចិត្ត ទុកដាក់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ និងដៃគូអភិវឌ្ឍន៍ដែលបានចូលរួមសហការក្នុងការបណ្តុះបណ្តាលមន្ត្រីកម្ពុជាពីគ្រប់ក្រសួង-ស្ថាប័នឱ្យមាន សមត្ថភាពខ្ពស់ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
ទេសរដ្ឋមន្ត្រីបានលើកឡើងនូវពាក្យស្លោកអប់រំផងដែរថា៖ “យើងមិនអាច រស់នៅលើកោះ ដែលសម្បូរទៅដោយទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយហ៊ុំព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះ ទេ”។ វាគឺជាការទទួលខុសត្រូវរបស់អ្នករាល់គ្នា ដែលយើងត្រូវធ្វើការជាមួយគ្នា ដើម្បីពង្រីកកោះដែលពោរ ពេញដោយទ្រព្យសម្បត្តិរបស់យើងឱ្យកាន់តែធំទៅៗ និងធ្វើឱ្យសមុទ្រនៃភាពក្រីក្រនេះកាន់តែរួមតូចទៅៗ” ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជាតិរបស់យើង និងពាក្យស្លោកមួយចំនួនទៀតរួមមាន៖
បើអ្នកមិនដឹងថាអ្នកទៅណា ផ្លូវណាក៏នាំអ្នកទៅដល់ទីនោះដែរ និយាយត្រូវធ្វើ កុំនិយាយផ្សេងធ្វើផ្សឹង សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមានប្រសិទ្ធភាពនាំជាតិរុងរឿង និងកុំសួរថាកម្ពុជាធ្វើអីឱ្យ យើង ត្រូវសួរថាយើងធ្វើអីឱ្យកម្ពុជា ៕