ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​រដ្ឋ​មន្រ្តី វេង សាខុន ស្នើ​ឲ្យ​​ចិនជួយពង្រីកនិងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិន

លោក​​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេង សាខុន ​​បានស្នើសុំ លោក​​ Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាល​គយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។

ការស្នើ​សុំនេះ ធ្វើ​ឡើងកាលពី​​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១ ដោយ លោក​​ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន បានធ្វើជា សហប្រធានជាមួយ លោក​​ Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS)។

លោក​​រដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​​ វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរជាពិសេសការធ្វើ​ពាណិជ្ជកម្មក្នុងវិស័យអោយកាន់តែជឿនលឿនមួយកម្រឹតថែមទៀត។

អង្គប្រជុំបានស្វាគមន៍ចំពោះការបញ្ចប់នូវការរៀបចំអនុស្សរណៈយោគយល់ថ្មី ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ដើម្បីពង្រឹងកិច្ចហប្រតិបត្តិការក្នុងការអនុវត្តវិធានការពង្រឹងអនាម័យ និងភូតគាមអនាម័យ (SPS) និងធានាការធ្វើពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្មរវាងអាស៊ាន-ចិន អនុលោមតាមតម្រូវការ និងគោលការណ៍ នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកផ្នែក (WTO SPS) និងគ្រោងចុះហត្ថលេខានៅក្នុងឆ្នាំនេះ។

ដើម្បីអនុវត្តសេចក្តីប្រកាសជារួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន សម្រាប់សន្តិភាព និងវិបុលភាព ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញកាលពីថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣។ អង្គប្រជុំបានបញ្ជាក់ជាថ្មីអំពីការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ព្រមទាំងការសម្រួលពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្ម។
សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាវីរុស (កូវីដ-19) និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA) ដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត លើពាណិជ្ជកម្ម ការវិនិយោគក្នុងតំបន់ និងពិភពលោក។
អង្គប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន លើផ្នែកអនាម័យ និងភូតគាមអនា​ម័យ (SPS) សម្រាប់ឆ្នាំ២០១៩-២០២០ ដោយពិចារណាពីបញ្ហាប្រឈមដែលបានជួបប្រទះដោយការរាតត្បាតសកលនៃជំងឺ កូវីដ​-១៩។ យើងនៅតែប្តេជ្ញាចិត្តបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) រវាង អាស៊ាននិងចិន ដើម្បីសម្រួលដល់លំហូរស្បៀង និងផលិតផលកសិកម្ម ឆ្លងព្រំដែននៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។