ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផលិតផល​ក្លែងក្លាយនិងខូចគុណភាព ៧០​តោនត្រូវបានដុត​កម្ទេចចោល​​

 ​ភ្នំពេញ​៖ ផលិតផល​ក្លែងក្លាយ និងខូចគុណភាព ត្រូវបានដុតកម្ទេចចោល ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩  ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

ផលិតផល​ក្លែងក្លាយ ដែល​ត្រូវ​កម្ទេចចោល​ រួមមាន ថ្នាំពេទ្យ​ក្លែងក្លាយ ចំនួន ១០៦ មុខ ស្មើនឹង ៤០០​គីឡូក្រាម ទឹក​សុទ្ធ​ម៉ាក Evian, Saint amand, Montcalm ចំនួន ៥.៥២០​កេស ស្មើនឹង ៦២.៦៤០​គីឡូក្រាម និង​ផលិតផល​ជី​កសិកម្ម ចំនួន​៧.៨៥០​គីឡូក្រាម សរុប​ទាំងអស់​មាន​ចំនួន​ជាង ៧០​តោន​។​

លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​លើកឡើងថា សកម្មភាព​កម្ទេចចោល​ផលិតផល​ក្លែងក្លាយ​នាពេលនេះ ជា​លើក​ទី​៤ ហើយ​។ ចំពោះ​វត្ថុតាង​ជាច្រើន​តោន​ទៀត កំពុង​បន្ត​នីតិវិធី​នៅ​តុលាការ ហើយ​គណៈកម្មាធិការ នឹង​ធ្វើការ​កម្ទេចចោល​ជា​បន្តបន្ទាប់​ទៀត នៅពេល​តុលាការ​ជំនុំជម្រះ​រួចរាល់​។

លោក មៀ​ច សុផាន់​ណា បានឲ្យដឹងទៀតថា កាលពី​ឆ្នាំ​២០១៨ កន្លងទៅ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានធ្វើ​ប្រតិបត្តិការ ចាប់​ឃាត់​នូវ​ផលិតផល​ក្លែងក្លាយ​-​ខុសច្បាប់ ដែល​ផលិត ស្តុក​ទុក និង​ចែកចាយ បាន​ចំនួន ២០​ករណី (​ចាត់ការ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន ឬ​ម្ចាស់​ដើម​មាន​ចំនួន ១២​ករណី​) និង​ចុះបង្ក្រាប​នៅ​នឹង​ទីតាំង ផ្ទាល់​បាន ០៨​ករណី មានដូចជាៈ
-​ករណី នាំចូល ចែកចាយ ផលិតផល​គ្រឿងសំអាង​ក្លែងក្លាយ រំលោភច្បាប់​កម្មសិទ្ធិបញ្ញា
-​បង្ក្រាប​ទីតាំង​ផលិត​ប្រេងម៉ាស៊ីន​ក្លែងក្លាយ​-​ខុសច្បាប់
-​បង្ក្រាប​ទីតាំង​ចែកចាយ​ជី​កសិកម្ម​ក្លែងក្លាយ​-​ខុសច្បាប់
-​បង្ក្រាប​សិប្បកម្ម​ផលិត​ទឹកខ្មេះ ទឹកសៀង ទឹកម្ទេស ទឹកស៊ីអ៊ីវ ខុសច្បាប់
-​បង្ក្រាប​ទីតាំង​សាច់​ប៉ា​តេ មិន​អនុលោម​តាមច្បាប់
-​បង្ក្រាប​សិប្បកម្ម​ផលិត​ម្រេច និង​កាហ្វេ ក្លែងក្លាយ​-​ខុសច្បាប់ ។​ល​។

​សូមបញ្ជាក់ថា ផលិតផល និង​ចំណីអាហារ​ខូចគុណភាព ដែល​ត្រូវបាន​កម្ទេចចោល​រាប់រយ​តោន​ទាំងនោះ មាន​ផ្ទុក​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ឧក្រិដ្ឋជន បាន​ចរាចរ ចែកចាយ និង​ផលិត ដូចជា បារី សុរា ឱសថ​ក្លែងក្លាយ គ្រឿងសម្អាង​ក្លែងក្លាយ ផលិតផល​ពី​សាច់សត្វ​ដោយ​ខុសច្បាប់ ផលិតផល​ទឹកស៊ីអ៊ីវ ទឹកសៀង ទឹកម្ទេស ទឹកខ្មេះ ប្រេងខ្យង ជាដើម​៕