ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោបញ្ជាក់ថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ៣០ម៉ោង មកដល់ពេលនេះហាត់ប្រាណបានជាធម្មតាឡើងវិញហើយ

សម្តេចតេជោ​នាយករដ្ឋមន្រ្តី បានថ្លែងសារថា«បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ៣០ម៉ោង មកដល់ពេលនេះខ្ញុំហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។សប្តាហ៍នេះ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយកិច្ចការមួយដែលសំខាន់ជាងគេគឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ។
ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ដល់១២ឆ្នាំដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ គឺសំ​ដៅ​ធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ។ល។
សម្តេចលើក​ឡើងថា ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូល​ដ្ឋាន​នៃវិស័យអប់រំរបស់យើង។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ៦ឆ្នាំឡើង គឺជាផ្នែកមួយនៃការងារប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុងសហគមន៍រហូតដល់ប្រមាណជាង៨០% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសយើងនិងប្រទេសផ្សេងទៀតនៅលើពិភពលោកទាំងមូល។
សូមជូនពរលោកគ្រូ អ្នកគ្រូ ពិសេសចៅៗ ក្មួយៗជានិស្សិត និងសិស្សដែលបានវិលត្រឡប់ចូលសាលារៀនវិញនៅថ្ងៃនេះ៕