(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៦ឆ្នាំ ដល់ ១២ឆ្នាំ
នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្រកាសបើកយុទ្ធនាការថ្មីមួយទៀត គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ជាមួយនឹងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ១២ឆ្នាំនេះ ចៅៗរបស់សម្តេចតេជោ និងចៅៗរបស់ឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត នឹងត្រូវមកទទួលវ៉ាក់សាំងបើកយុទ្ធនាការនេះផងដែរ។ ការចាក់វ៉ាក់សាំងជូនដល់កុមារអាយុចន្លោះពី ៦ឆ្នាំ ទៅ ១២ឆ្នាំនេះ គឺដើម្បីបង្កើតភាពសាំក្នុងសង្គមឱ្យកាន់តែធំដែលអាចឈានទៅបើកលំហរសកម្មភាពក្នុងសង្គម ឱ្យកាន់តែទូលាយ បន្ថែមពីលើនេះគោលដៅសំខាន់ក្នុងការចាក់វ៉ាក់សាំងនេះ ដើម្បីឱ្យកុមារតូចៗអាចចូលរៀននៅសាលាឡើងវិញ។