ព្រៃវែង៖ ក្រុមប្រជាពលរដ្ឋប្រមាណ២០០ គ្រួសារបាននាំគ្នាតវ៉ាផ្ទាល់នៅទីតាំងដីស្ថិតនៅ ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ដោយពួកគាត់ស្នើសុំអន្តរាគមន៍ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ដើម្បីមានសិទ្ធិកាន់កាប់ដីកសិកម្មឡើងវិញពីក្រុមហ៊ុនHMM ដែលត្រូវបានរដ្ឋបាលព្រៃឈើខេត្តព្រៃវែងចុះកិច្ចសន្យាឲ្យទៅក្រុមហ៊ុនតាមការសម្រេចរបស់ក្រសួងកសិកម្ម។
លោក ពៅ ឆៃ ប្រជាពលរដ្ឋរស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារខេត្តព្រៃវែងបានមានប្រសាសន៍ថា ដីនេះរូបលោកនិងប្រជាពលរដ្ឋជាច្រើនទៀត បានកាន់កាប់អាស្រ័យផលធ្វើកសិកម្មចាប់តាំងឆ្នាំ១៩៨០មក រហូតដល់សព្វថ្ងៃមានទាំងឯកសារទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ប៉ុន្តែនៅចុងឆ្នាំ២០០៧ ទើបខាងរដ្ឋបាលព្រៃឈើខេត្តបានឈូសឆាយ រួចផ្តល់សិទ្ធិឲ្យក្រុមហ៊ុន HMM ដោយមិនបានដោះស្រាយជូនប្រជាពលរដ្ឋនោះទេ។
តំណាងប្រជាពលរដ្ឋបានលើកឡើងប្រហាក់ប្រហែកគ្នាថា « ឥឡូវនេះក្រុមហ៊ុន HMM កំពុងតែឈូសឆាយដីនេះទាំងបំពានពីពលរដ្ឋដែលកំពុងតែកាន់កាប់ទៅវិញ ដោយបញ្ហានេះហើយ ទើបបានជាយើងខ្ញុំមានការតវ៉ានិងស្នើសុំឲ្យរាជរដ្ឋាភិបាល ជាពិសសេស សម្តេចតេជោ ហ៊ុន សែន តែម្តង សូមសម្តេច មេត្តាជួយរកយុត្តិធម៌នឹងជួយដោះស្រាយដីកសិកម្មជាង៤០០ ហិកតានោះផង។
ការស្នើសុំរបស់ពលរដ្ឋខាងលើនេះ ធ្វើឡើងកាលពីថ្ងៃសុក្រទី១៧ ខែកញ្ញាឆ្នាំ២០២១ នៅពេលពួកគាត់បាននាំគ្នាមកតតាំងជាមួយនិងក្រុមហ៊ុន HMM នៅលើដីនោះតែម្តង ស្ថិតនៅ ភូមិត្បូងវត្ត ក្នុងឃុំក្របៅ ស្រុកកំចាយមារខេត្តព្រៃវែង។ ភ្លាមៗនៃការតវ៉ានោះក្រុមពលរដ្ឋបានស្នើឲ្យអ្នកបើកគ្រឿងចក្រឈូសឆាយរបស់ក្រុមហ៊ុន ដកចេញពីដីដែលកំពុងតែមានទំនាស់សិន ដើម្បីរង់ចាំការដោះស្រាយជាមួយនិងពលរដ្ឋ។
ចំណែក លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារខេត្តព្រៃវែងបានបញ្ជាក់ថា ដីនោះកន្លងមកស្ថិតនៅក្នុងរដ្ឋបាលនៃខេត្តស្វាយរៀងទេ ប៉ុន្តែពលរដ្ឋពេលឃើញដីនោះទំនេរក៏បាននាំគ្នាកាប់ឆ្កាអាស្រ័យផលលើដីកសិកម្ម រហូតដល់ឆ្នាំ២០០៧ ទើបរដ្ឋបាលព្រៃឈើខេត្តស្វាយរៀង បានចេញលិខិតដកហូតដីនោះមកដាំឈើវិញ ស្របពេលពលរដ្ឋកំពុងតែបានអាស្រ័យផលលើជាដីនោះ។
អភិបាលស្រុកបានបន្តទៀតថា« កន្លងមកប្រជាពលរដ្ឋបានប្តឹងតវ៉ាទៅសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ប៉ុន្តែមិនមានដំណោះស្រាយទេ ។ចំណែកដល់ពេលព្រៃឈើធំវិញចុងឆ្នាំ២០២០ តាមរយៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុន HMM ឲ្យសិទ្ធិទទួលអនុផលព្រៃឈើ ដោយដាំឈើសងរដ្ឋវិញ ប៉ុន្តែឥឡូវព្រៃឈើបានកាប់អស់ហើយ ដោយក្រុមហ៊ុនបានឈួសឆាយដាំដើមឈើម្តងទៀត ប៉ុន្តែប្រជាពលរដ្ឋបានតវ៉ាប្រឆាំងនិងការឈួសឆាយ។
មុននិងមានការតវ៉ារបស់ពលរដ្ឋកាលពីថ្ងៃទី១៧កញ្ញានេះ អភិបាលខេត្តព្រៃវែងបានចេញលិខិតណែនាំដល់លោកអភិបាលស្រុកកំចាយមារ លោក សឿង សុជាតិ ជួយសម្របសម្រួលនិងករណីវិវាទនេះ។ ទើបថ្ងៃដដែលនោះ ក្រុមការងារស្រុក បានចុះមកសម្របសម្រួលជាមួយពលរដ្ឋ ដោយឲ្យក្រុមហ៊ុនផ្អាកសកម្មភាពជាបណ្តោះអាសន្នសិន ដើម្បីលោកធ្វើរបាយការណ៍ជូនអភិបាលខេត្ត រកដំណោះស្រាយជូនភាគីទាំងពីរដោយសន្តិវិធី ។
ប្រជាពលរដ្ឋជាង២០០ គ្រួសារខាងលើនេះបានកាន់កាប់លើដីនោះតាំងពីឆ្នាំ១៩៨០ រហូតមកសព្វថ្ងៃដែលមានផ្ទៃដីជាង៤០០ ហិកតា រហូតដល់ឆ្នាំ២០០៧ ទើបក្រុមហ៊ុនមានការឈួសឆាយលើដីនេះរហូតមកបច្ចុប្បន្ន ។
យោងតាមអភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង លោក សឿង សុជាតិ បានគួរបញ្ជាក់ថា «បន្ទាប់ពីលោកបានសម្របសម្រួលនិងពលរដ្ឋរួចហើយនោះ លោកបានរាយការណ៍បឋមទៅ ឯកឧត្តមអភិបាលខេត្ត ព្រៃវែង ជា សុមេធី រួចហើយ ប៉ុន្តែលោកនឹងធ្វើរបាយការណ៍នៃការតវ៉ានេះមួយទៀតដាក់ជូនអភិបាលខេត្ត ដើម្បីជួយរកដំណោះស្រាយបន្តទៀត។
លោកបានបន្ថែមថា ករណីវិវាទនេះ ក្នុងនាមអាជ្ញាធរស្រុកជាគោលជំហររបស់លោកគឺ យើងគួរតែដោះស្រាយដីនោះជូនពលរដ្ឋវិញ ព្រោះដីនៅស្រុកកំចាយមារនៅសល់តិចតួចណាស់ ហើយសង្ឃឹមថា ថ្នាក់ដឹកនាំនឹង ពិចាររណីរកយុត្តិធម៌ជូនប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់ជាង២០០ គ្រួសារនេះ។