ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលព័ន្ធបានជាង ៣៥៨លានដុល្លាអាមេរិករយះពេល២ខែដើមឆ្នាំ២០១៩នេះ

រយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារសម្រេច ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួនប្រមាណជាង ១៤៣៤ លានរៀលប្រមាណជាង ៣៥៨ លានដុល្លារអាមេរិក ស្មើនឹង ១៥,៦៨% នៃផែនការប្រចាំឆ្នាំ។

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោកបញ្ជាក់ថា លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online មានចំនួនជាង ១៤៣៤ លានរៀល ត្រូវប្រមាណជាង ៣៥៨ លានដុល្លារអាមេរិក ស្មើនឹង ១៥,៦៨% នៃផែនការប្រចាំឆ្នាំ។បើប្រៀបធៀបរយៈពេលដូចគ្នាទៅឆ្នាំ២០១៨  ចំណូលពន្ធ-អាករសម្រាប់រយៈពេល ០២ ខែ ឆ្នាំ២០១៨ កើនឡើងជាង ១៧៤ លានរៀល ត្រូវប្រមាណជាង ៤៣ លានដុល្លារអាមេរិក ស្មើនឹង ១៤%។

លោកគង់ វិបុល បានណែនាំជម្រុញដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឱ្យបានលើសផែនការឱ្យបានជាអតិបរិមា ។

លោក គង់ វិបុល ស្នើឲ្យនាយកដ្ឋានពាក់ព័ន្ធ និងសាខាពន្ធដារខេត្ត-ខណ្ឌ ជួយគ្រប់គ្រងផ្សព្វផ្សាយ ជំរុញ និងពង្រឹងការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៨ ក្នុងនោះនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូច និងមធ្យម និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន សហការពិនិត្យសិក្សា ដើម្បីរៀបចំនីតិវិធីចុះបញ្ជីពន្ធដារ ដោយមានមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារដើម្បីចុះផ្ដល់សេវាផ្ទាល់នៅតាមសាខាពន្ធដារខេត្ត សំដៅពន្លឿន និងជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវាចុះបញ្ជីពន្ធដារជូនអ្នកជាប់ព័ន្ធ៕