កងកម្លាំងជំនាញរបស់មន្ទីរបញ្ចកោណអាមេរិក មានឱកាសនឹងផលិតគ្រាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន បន្ទាប់ប្រទេសមហាអំណាចមួយនេះ បានដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរកម្លាំងមធ្យម (Intermediate Nuclear Force Treaty) ដែលហៅកាត់ថា INF រវាងអាមេរិក និងរុស្ស៊ីកាលពី៣០ឆ្នាំមុន។
មន្ទីរបញ្ចកោណអាមេរិក មានគម្រោងនឹងបាញ់សាកល្បងគ្រាប់មីស៊ីលពីរប្រភេទ គឺមីស៊ីលបាញ់តម្រង់គោលដៅដែលហោះហើរក្នុងរយៈកម្ពស់ទាប ក្នុងរយៈចម្ងាយជាង១០០០គីឡូម៉ែត្រ និងគ្រាប់មីស៊ីលបាលីស្ទិកដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចម្ងាយមធ្យម ដែលអាចហោះហើរបានពីចម្ងាយ៣០០០ទៅ៤០០០គីឡូម៉ែត្រ ។
ការប្រកាសពីគម្រោងបាញ់សាកល្បងមីស៊ីលនេះ ត្រូវបានប្រកាសក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញា INF កាលពីចុងឆ្នាំ២០១៨កន្លងទៅ៕