ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជានឹងមានព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល

កម្ពុជានឹងមានព្រលានយន្តហោះថ្មីដែលគ្រោងសាងសង់នៅក្រុងតាខ្មៅស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដោយចំណាយទុនវិនិយោគទំហំទឹកប្រាក់ចំនួន ១,៥០០លានដុល្លារអាមេរិក។

ព្រលានយន្តហោះថ្មីមួយនេះនឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលមានទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋលេខខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា ការវិនិយោគនូវព្រលានយន្តហោះថ្មីនេះនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយសារតែកន្លងមកកម្ពុជាទទួលបានភ្ញៀវទេសចរតែក្នុងរង្វង់៥លាននាក់ប៉ុណ្ណោះ ក្នុងនាមជាអ្នកវិនិយោគក្នុងស្រុកស្វាគមន៍នូវគម្រោងថ្មីៗរបស់ភាគីចិននៅកម្ពុជា។

លោក ហូ វណ្ឌី អគ្គលេខាធិការសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជាបានលើកឡើងថា នេះជាព្រលានយន្តហោះធំនៅកម្ពុជាដែលគម្រោងនេះនឹងបង្កើនការទាក់ទាញអាកាសចរផ្សេងៗទៀតនៅក្នុងតំបន់មកកាន់ប្រទេសកម្ពុជា ហើយកម្ពុជាអាចក្លាយខ្លួនជាចំណុចទាក់ទាញ និងការសុំចតរបស់អាកាសចរផ្សេងៗទៀតផងដែរ។

កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨កន្លងទៅ លោកឧកញ៉ា ពុង ខៀវសែ និងក្រុមហ៊ុនចិន ដែលជាដៃគូវិនិយោគបានចុះហត្ថលេខារួចរាល់ហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិនផងដែរ។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលបានផ្ញើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានសុំគោលការណ៍បង្កើតក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៉ិនវេសមិន»។

ព្រលានយន្តហោះថ្មីនេះត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក៕