ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ភាពសម្បូរបែបនៃសក្កានុពលទេសចរណ៍តាមដងទន្លេ បាន និងកំពុងរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យអាស៊ាន ជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ “ASEAN: the World Class Dentination” និង “ASEAN: Feels the Warmth” ស្របពេលដែលទេសចរណ៍តាមដងទន្លេ ជាពិសេសទេសចរណ៍មេគង្គ បានក្លាយជាផលិតផលទេសចរណ៍សំខាន់មួយ សម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន។
សារលិខិត បន្តថា ទឹកទន្លេ ជាប្រភពនៃការចិញ្ចឹមបីបាច់ជីវិត ជាទីកន្លែង ដែលបណ្តុះបណ្តាល និងពូនជ្រំនូវវប្បធម៌ និងអរិយធម៌។ តាំងពីបុរាណកាលមក មនុស្សជាតិរស់នៅតាមបណ្តោយទន្លេ បន្តពូជពង្ស និងរស់នៅដោយបណ្តុំគ្នាពីមួយជំនាន់ ទៅមួយជំនាន់។ ទន្លេជាអំណោយពីធម្មជាតិ ដែលមិនត្រឹមតែជាទីបង្អែកសម្រាប់ការរស់នៅរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយ នៃការរឹតចំណងធម្មជាតិនៃការជួយយកអាសាគ្នាផងដែរ។ វាបានផ្សារភ្ជាប់ប្រទេសនានា ដែលហូបទឹកនៃទន្លេតែមួយ ឲ្យក្លាយជាសហគមន៍រួមវាសនាតែមួយ ដែលប្រកបដោយសមភាព ជួយយកអាសាគ្នាដោយស្មោះត្រង់ និងស្និទ្ធស្នាលដូចជាមនុស្សក្នុងគ្រួសារតែមួយ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាល បានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត សម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គមបរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យទន្លេ លើកទី៥នេះ គឺ “ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍”។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា ( River Cruise ) សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្របខណ្ឌតំបន់នានា ដូចជា ក្របខណ្ឌមហាអនុតំបន់មេគង្គ ( GMS ) មេគង្គ-ជប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាង ជាដើម។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ បងប្អូនជនរួមជាតិទាំងអស់ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ចូលរួមឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឲ្យពិធីបុណ្យទន្លេ លើកទី៥ ឆ្នាំនេះ និងពិធីបុណ្យទន្លេ ជាបន្តបន្ទាប់ ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ។
ជាទីបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏សង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធពិធីបុណ្យទន្លេ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយទៀត ក្នុងការធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ដែលជាកត្តាចូលរួមចំណែកក្នុងការផ្តល់ចំណូល ការបង្កើនការងារ និងការចូលរួមកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ពិសេសចូលរួមចំណែកធ្វើឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ និងរបស់កម្ពុជា ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។ ចំពោះមុខនេះ ខ្ញុំក៏សូមជូនពរឲ្យការប្រារព្ធពិធីបុណ្យទន្លេ នាឆ្នាំ២០១៩ នេះ ប្រព្រឹត្តទៅយ៉ាងអធិកអធម និងប្រកបដោយភាពសប្បាយរីករាយ។
សូមរម្លឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញចូលរួមពិធីបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។
សូមរម្លឹកថា ពិធីបុណ្យទន្លេ លើកទី១ បានធ្វើឡើង កាលពីឆ្នាំ២០១៥ នៅខេត្តក្រចេះ កាលពីថ្ងៃទី១៣-១៥ ខែមីនា។ លើកទី២ នៅខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១១-១៣ ខែមីនា ឆ្នាំ២០១៦។ បុណ្យទន្លេ លើកទី៣ ចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង។ បុណ្យទន្លេ លើកទី៤ ធ្វើឡើង នៅខេត្តកណ្តាល ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨។
ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកដល់គុណទន្លេ ដែលបានផ្តល់ទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃផង និងដើម្បីស្រោចស្រពផលដំណាំផង។ ក្រៅពីនេះ ពិធីបុណ្យទន្លេ ដែលបានធ្វើឡើងតាមខេត្តជាប់ដងទន្លេ ក៏ដើម្បីបង្ហាញនូវផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ព្រមទាំងសក្តានុពលរបស់ខេត្តនីមួយៗ ផ្នែកវិស័យទេសចរណ៍ ដែលមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងរមណីយដ្ឋានធម្មជាតិជាច្រើន។
ក្នុងពិធីបុណ្យទន្លេរៀងរាល់ឆ្នាំ តែងតែមានទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ពិព័រណ៍កសិផល សិប្បកម្ម ប្រពៃណី ការតាំងពិព័រណ៍ម្ហូបអាហារ រួមទាំងសកម្មភាពកីឡាជាច្រើនផងដែរ៕