ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យគ្រើក (Krirk University) ដ៏ល្បី នៅប្រទេសថៃ។
ពិធីប្រគល់ និងទទួលសញ្ញាបត្រនេះ បានធ្វើឡើង នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ ក្នុងពិធីនេះមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
សាកលវិទ្យាល័យគ្រើក (Krirk University) គឺជាសាកលវិទ្យាល័យដ៏ល្បាញល្បីមួយ នៅក្នុងប្រទេសថៃ ដែលមានអាយុកាល ៦៧ឆ្នាំហើយ។
ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យគ្រើក បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំពិភពលោកទី១ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យគ្រើក។ ការប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកទំនាក់ទំនងនយោបាយជូនសម្តេចតេជោ ហ៊ុន សែន ជារឿងស័ក្តិសមបំផុត ដោយសារតែសម្តេចតេជោ បានប្រើប្រាស់សិល្បៈ និងវិទ្យាសាស្ត្រផ្នែកទំនាក់ទំនងនយោបាយ ក្នុងការគ្រប់គ្រងប្រជាជនកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ និងបានដឹកនាំប្រជាជាតិឆ្ពោះទៅដល់វិបុលភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យគ្រើក ដែលបានសិក្សាស្រាវជ្រាវ អំពីប្រវត្តិនៃការតស៊ូរំដោះជាតិ និងប្រជាជន ព្រមទាំងសមិទ្ធិផលជាច្រើន ដែលសម្តេចសម្រេចបាន ដោយជោគជ័យជូនជាតិមាតុភូមិ ជាពិសេសការដាក់ចេញនូវនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមរុាំរ៉ៃជាស្ថាពរ ធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចតេជោ បញ្ជាក់បន្ថែមថា «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ដែលបានផ្តល់រូបខ្ញុំនាឱកាសនេះ គឺពិតជាមានអត្ថន័យដល់រូបខ្ញុំ និងប្រជាជនកម្ពុជា។ កម្ពុជាទើបតែទទួលបានសុខសន្តិភាព រយៈពេល ២០ឆ្នាំប៉ុណ្ណោះ គឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាថ្ងៃចុងក្រោយ ដែលសង្គ្រាមរ៉ាំរ៉ៃ ត្រូវបានបញ្ចប់ទាំងស្រុង តាមរយៈការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលសម្រេចបានដោយកម្ពុជាខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ និងដោយគ្មានការបង្គាប់បញ្ជាពីខាងក្រៅ ហើយកម្ពុជាបានរួបរួមគ្នាជាធ្លុងមួយ មានការឯកភាពជាតិ ឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ លើកដំបូងបំផុត ដែលកម្ពុជាពុំធ្លាប់មានអស់រយៈកាលជាង ៥០០ ឆ្នាំកន្លងមក»៕