ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការវៀតណាម​សម្រេចកាត់ទោស ប្រហារជីវិត​មនុស្ស​០៣នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន ចំណែក​មេខ្លោងអាច​រួចទោសប្រហារ​ជីវិត​

ហាណូយ៖ តុលាការប្រទេស​វៀតណាម បានសម្រេចផ្ដន្ទាទោសប្រហារជីវិត​មនុស្ស ០៣នាក់ និងម្នាក់​ទៀតដាក់ ពន្ធនាគារ​អស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។

នៅថ្ងៃចន្ទ​សប្ដាហ៍នេះ​តុលាការទីក្រុង​ហាណូយ បានផ្ដន្ទាទោស​ប្រហារជីវិត ០៣នាក់​មាន

​ទី១ វូ ធីធូហៃ ភេទស្រី
ទី២ វូ ធីហៃយ៉េន ភេទស្រី
ទី៣ ឡេ ទ្រុងថាញ់ ភេទប្រុស

ខណៈស្ត្រីម្នាក់​ទៀតឈ្មោះ ផាម ធីហុប ត្រូវបាន​ផ្ដន្ទាទោស ដាក់ពន្ធនាគារ​អស់មួយជីវិត ហើយអ្នកទាំងអស់​នេះសុទ្ធតែមកពី​ទីក្រុង ហៃផុង ភាគខាងជើងប្រទេស​វៀតណាម។ ប៉ុន្តែ​ស្ត្រីឈ្មោះ Hop ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារអស់​មួយជីវិត ដោយសារតែនាង​មានកូនម្នាក់អាយុ​ក្រោម ៣៦ខែ បើទោះបីជា នាងជា​មេគំនិតក៏​ដោយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ នាង Hop បានប្រើ​ឱ្យនាង Hoai និងនាង Yen ដឹក​គ្រឿងញៀន​សំយោគមាន​ទម្ងន់ ២.៦គីឡូក្រាម​ពីទីក្រុង ហូជីមិញ ទៅកាន់​ទីក្រុង ហៃផុង តែអ្នកទាំងពីរ​ត្រូវបានប៉ូលិសចាប់ខ្លួន​នៅឯអាកាសយានដ្ឋាន អន្តរជាតិ ណយបៃ ក្នុងទីក្រុង​ហាណូយ។ ចំណែកឯ បុរសឈ្មោះ Thanh ក៏បានជួញដូរ​គ្រឿងញៀន មេតំហ្វេតាមី ក្រោមការរៀបចំ​របស់ស្ត្រីឈ្មោះ Hop នេះដែរ​ពីកម្ពុជា ​ចូលទឹកដីវៀតណាម​កាលពី​ខែវិចិ្ឆកា ឆ្នាំដដែល។

យោងតាមច្បាប់​វៀតណាម អ្នកជួញដូរគ្រឿងញៀន​ហេរ៉ូអ៊ីនមានទម្ងន់ចាប់ពី ៦០០ក្រាម និង Methamphetamine ២.៥គីឡូក្រាម​ឡើងទៅ​នឹងត្រូវទទួលការផ្ដន្ទាទោស​ប្រហារជីវិត ហើយអ្នកផលិត ឬជួញដូរបន្តគ្រឿងញៀន​ហេរ៉ូអ៊ីន ឬគ្រឿងញៀនខុសច្បាប់​ដទៃទៀត ក្នុងទម្ងន់ ៣០០ក្រាម ក៏ត្រូវប្រឈមមុខ​ទោសប្រហារ​ជីវិតដែរ។ ដោយឡែក​ការ​លើក​លែង​ទោសប្រហារជីវិតឲ្យមេខ្លោងខាងលើនេះ គឺជាករណី​ពិសេស​កម្រកើត​មាន៕