ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សមត្ថកិច្ចខេត្តព្រះសីហនុ ចាប់អេស្កាវ៉ាទ័រ ពីរគ្រឿង ដែលគាស់កកាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់

 

ព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផ្នែករដ្ឋបាលព្រៃឈើ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់រឹបយកគ្រឿងចក្រពីរគ្រឿង ដែលគាស់កកាយដីព្រៃភ្នំរបស់រដ្ឋ ដោយខុសច្បាប់។

ការចាប់រឹបអូសយកអេស្កាវ៉ាទ័រទាំងពីរនេះ នៅពេលធ្វើសកម្មភាពគាស់កកាយដីរដ្ឋ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ហើយក្រុមស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើ ពើបប្រទះនៅចំណុចជើងភ្នំខាងក្រោយវត្តសំរុង ស្ថិតនៅភូមិសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យដឹងថា ពេលក្រុមសមត្ថកិច្ចចុះទៅដល់ទីតាំងជាក់ស្តែង ពិនិត្យឃើញអេស្កាវ៉ាទ័រពីរ គ្រឿង កំពុងគាស់កកាយដីព្រៃរបស់រដ្ឋ នៅជើងភ្នំលើទីតាំងផ្សេងគ្នា ប៉ុន្តែមុនពេលសមត្ថកិច្ចទៅដល់ អ្នកបើកបរក៏បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រពីរគ្រឿង។

លោកបានបញ្ជាក់ថា ចំពោះទីតាំងខាងលើ គឺជាដីជម្រាលភ្នំ ប្រសិនបើរងការគាស់កកាយបំផ្លេចបំផ្លាញ នឹងធ្វើឲ្យមានការជន់លេចភូមិដ្ឋានរបស់ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោម ហើយនឹងបង្កវិនាសកម្មកាន់តែធ្ងន់ធ្ងរនាពេលខាងមុខជាក់ជាមិនខាន។

លោកអ្នកនាំពាក្យ បានបញ្ជាក់ថា «បច្ចុប្បន្ន អេស្កាវ៉ាទ័រទាំងពីរគ្រឿង ត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រៃនប់ និងស្វែងរកចាប់ខ្លួនជនល្មើសគាស់កកាយដីព្រៃរបស់រដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ឲ្យខាងតែបាន»៕