ភ្នំពេញ:ម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច ក្រកម្ពុជានៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឲ្យឧបនាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ រដ្ឋមន្រ្តីការបរទេសថៃចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។
លោកឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានគោរពពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្តេចតេជោ ហើយបានសម្ដែងការអបអរសាទរជូនចំពោះ សម្តេចតេជោដែលនឹងក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ នឹងបានគោរពជូនពរសម្ដេចតេជោ ដឹកនាំអាស៊ាន ទទួលបានជោគជ័យនៅឆ្នាំ២០២២ខាងមុខ។
លោក ដន ប្រាម៉ាត់វីណៃ ក៏បានសំដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19បានយ៉ាងជោគជ័យ ជាពិសេស បានចាក់ស្រោចវ៉ាកសាំងជូនដល់ប្រជាជនកម្ពុជាបានជាង ៩០ភា គរយ។
ឧបនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការអបអរសាទរផងដែរ ជូនចំពោះសម្តេច តេជោ ដែលបានអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះដែរឧបនា យករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃបានគោរពសូមស្វែងយល់ពីសម្ដេចតេជោ អំពីគោលដៅនៃការដឹកនាំអាស៊ាន នាឆ្នាំ ២០២២ ខាងមុខ ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ លោក ដន ប្រាម៉ាត់វីណៃ ដែលបានពាំនាំនូវសាររបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ជូនចំពោះសម្ដេច។
សម្ដេចក៏បានជម្រាបជូនអំពីគោលដៅសំខាន់ដែលត្រូវធ្វើក្នុងនាមជាប្រធានអាស៊ាននោះគឺ ៖
ទី១) ប្រយុទ្ធប្រឆាំងជំងឺកូវីដ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជននិងប្រជាជននៅអាស៊ានរបស់យើង
ទី២) ពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាន
ទី៣) សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមផងដែរនូវជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង នោះគឺជំរុញការអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាម DOC និងឲ្យប្រទេសដែលមានពាក់ព័ន្ធ ធ្វើការចរចាគ្នា និងខំប្រឹងប្រែងធ្វើយ៉ាងណា សម្រេច COC ឲ្យបាន៕