លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំស្វែងរកដំណោះស្រាយជាធាតុចូលក្នុងវិស័យស្រូវអង្ករ ដើម្បីបន្តនិរន្តភាព និងជំរុញការនាំចេញអង្ករទៅក្រៅប្រទេសជាមួយតំណាងក្រុមហ៊ុននាំចេញអង្ករ និងតំណាងរោងម៉ាស៊ីនកិន។
លោកបានមានប្រសាសន៍ថា« គោលបំណងធំគឺស្នើសុំផ្តល់ព័ត៍មានជាក់លាក់ជាធាតុចូលលើបញ្ហាដាំដុះ ការផលិតនិងកែច្នៃ និងការនាំចេញអង្កររកដំណោះស្រាយលើបញ្ហាដាច់ចរន្តអគ្គិសនីដែលរាំងស្ទះដល់ការផលិត និងកែច្នៃបញ្ហាទុនបង្វិល»។
អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានបន្ថែមថា ដោយមើលឃើញពីការលំបាកដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្ទាន់នូវគម្រោងអន្តរាគមន៍ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទជាប្រតិបត្តិករអនុវត្ត គម្រោងពិសេសសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវនៅក្នុងតំបន់ខេត្តបាត់ដំបង ព្រៃវែង កំពង់ធំ និងខេត្តតាកែវ ក្នុងគោលដៅធានាស្ថេរភាពតម្លៃស្រូវជូនកសិករ។
ធនាគារអភិវឌ្ឍន៍ជនបទបានលើកកម្ពស់ថ្លៃស្រូវដល់ប្រជាកសិករនិង រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជា ហើយកន្លងទៅបានជួយច្រើនជាពិសេស តម្លៃស្រូវនៅលើទីផ្សារផងដែរ។
សូមបញ្ជាក់ថា ធនាគារស្រូវប្រចាំខេត្តបាត់ដំបងបានសង់ឃ្លាំងស្តុកស្រូវ ដែលមានសមត្ថភាព ស្តុកបានប្រមាណ ២០ម៉ឺនតោន និងឡសម្ងួតស្រូវ អាចសម្ងួតបាន ៣០០០ តោនក្នុងមួយថ្ងៃ ដែលរាជរដ្ឋាភិបាលដាក់ឲ្យដេញថ្លៃតម្លៃប្រមាណ១០ លានដុល្លារអាមេរិកដល់ក្រុមហ៊ុនធនាគារស្រូវ ដើម្បីវិនិយោគនិងលើកកម្ពស់ផលិតកម្មស្រូវ និងគោលនយោបាយនាំចេញអង្ករ៕