ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-វៀតណាម ចុះហត្ថលេខាពាក់ព័ន្ធនឹងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ


(ភ្នំពេញ)រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក​ ប៉ាន សូរស័ក្តិ និង​លោក​​ ត្រាន់ គ័កខាញ់ អនុរដ្ឋមន្ត្រីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនៅថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១នេះ បានចូលរួមចុះហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងឧស្សា​ហកម្មនិងពាណិជ្ជកម្មនៃសាធារណ​រដ្ឋសង្គមនិយមវៀតណាម ពាក់ព័ន្ធនឹងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះ​ ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ប្រធានរដ្ឋនៅព្រះរាជា​ណាចក្រកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អំពីការបញ្ចប់ការចរចាលើសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មតាមព្រំដែន កម្ពុជា ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កាព្រមទាំងជាឯកសារតម្រង់ទិសសម្រាប់​ភាគីទាំងពីរបន្ត និងពន្លឿនការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នាពេលដ៏ខ្លីខាងមុខ។
គួរបញ្ជាក់ជូនផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននេះ សំដៅធ្វើឱ្យប្រសើរទ្បើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ, ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ, បង្កើតនូវការតភ្ជាប់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងភាពយូរអង្វែងសម្រាប់ភាគីទាំងពីរ និងបង្កើតលក្ខខណ្ឌអំណោយផលដល់ពាណិជ្ជករនៃភាគីទាំងពីរ។