ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយប្រធានរដ្ឋវៀតណាម

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជា ណាចក្រកម្ពុជា របស់ ឯកឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc)ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញរៀបចំ និងពិសាអាហារពេលព្រឹកការងារជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនលោក​​ ង្វៀន សួនហ៊្វុក និងគណៈប្រតិភូជាន់ខ្ពស់ ធ្វើឡើងនៅភូមិគ្រឹះតាខ្មៅ។
ក្នុងជំនួបអាហារពេលព្រឹកនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សំដែងនូវការស្វាគ​ម​ន៍យ៉ាងសិទ្ធស្នាលរាក់ទាក់ ជូនចំពោះ ប្រធានរដ្ឋវៀតណាម ដែលបានផ្តល់នូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត អញ្ជើញមកទទួលទានអាហារការងារពេលព្រឹកដល់ភូមិគ្រឹះរបស់សម្តេច។
សម្តេចតេជោបានមានប្រសាសន៍សំដែងនូវការសោកស្តាយ ដែលភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនមានវត្តមានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលព្រឹកនេះ ដោយ​សាតែភរិយារបស់សម្តេចមានបញ្ហាសុខភាពបន្តិចបន្តួច ប៉ុន្តែមានវត្តមានកូនប្រុសទាំងបីរបស់សម្តេច គឺ លោក​​ ហ៊ុន ម៉ាណែត លោក​​ ហ៊ុន ម៉ានិត និងលោក​​ ហ៊ុន ម៉ានី បានចូលរួមនៅក្នុងពិធីនេះ។
នៅក្នុងពិធីទទួលទានអាហារពេលព្រឹក ជាលក្ខណៈគ្រួសារដែលបានចំណាយពេលប្រមាណ ១ម៉ោង សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក​​ប្រធានរដ្ឋវៀតណាម បានធ្វើការផ្លាស់ប្តូរយោបល់ពីគ្នាទៅវិញទៅមក ជុំវិញការងារ មួយចំនួនដែលសម្តេច និងលោក​​ប្រធានរដ្ឋធ្លាប់បានធ្វើការជាមួយគ្នា ក្នុងនាមជាប្រមុខរដ្ឋាភិបាលនិងការដោះស្រាយបញ្ហាធំៗជាច្រើន ដែលបម្រើផលប្រយោជន៍ឲ្យប្រទេស និងប្រជា​ជន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ពិសេសការខិតខំជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោក​​ប្រធានរដ្ឋ​វៀត​ណាម បានសំដែងនូវការវាយតម្លៃខ្ពស់សាជាថ្មីម្តងទៀត ចំពោះលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូងរបស់ លោក​​ ង្វៀន សួនហ៊្វុក មកកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានរដ្ឋវៀតណាម កាលពីពេលថ្មីកន្លងទៅ។
លោក​​ ង្វៀន សួនហ្វុក បានសាទរចំពោះសមិទ្ធផលជាប្រវត្តិសាស្ត្រសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា សម្រេចបាន ជាពិសេសការអភិវឌ្ឍជាតិ ស្ថិរភាពនយោបាយសង្គម លើកកម្ពស់តួនាទី និងមុខមាត់របស់ប្រទេសកម្ពុជា នៅក្នុងតំបន់និងនៅលើឆាកអន្តរជាតិ។
ជាមួយនោះដែរ ភាគីទាំងពីរបានសំដែងនូវការពេញចិត្ត ចំពោះការរីកចំរើនទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធ នឹងកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសហប្រតិ​បត្តិការរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល ៥៥ឆ្នាំកន្លងមក ទោះ បីជាស្ថិតនៅក្នុងបរិបទការរីក​រាល​ដាលនៃជំងឺកូវីដក្ដី។
ភាគីទាំងពីរក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ និងបានឯកភាពគ្នាជំរុញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការលើកកម្ពស់ និងការការពារវិនិ​យោ​គ និងកិច្ចព្រមព្រៀងចៀសវាងការយកពន្ធត្រួតគ្នា និងជួយសម្រួលដល់ការអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមបែបថ្មីនិងបានព្រមព្រៀងគ្នា ជំរុញការរៀបចំផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀត​​ណាម។
ភាគទីទាំងពីរក៏បានឯកភាពក្នុងការពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្មតាមព្រំដែន។ភាគីទាំងពីរក៏បានឯកភាពគ្នាថែមទៀតក្នុងការពន្លឿនកិច្ចពិភាក្សា ឆ្ពោះទៅកាន់ការទទួលស្គាល់គ្នាទៅវិញទៅមកលើលិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំង ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាជនទាំងសងខាងផងសម្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រជាជន និងប្រទេសទាំងពីរផង។លើសពីនោះទៀតភាគីទាំងពីរក៏បានឯកភាពក្នុងការជំរុញ និងពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វិស័យសុខាភិបាល វិស័យអប់រំ វិស័យយុត្តិធម៌ និងការតភ្ជាប់គ្នារវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ និងក្នុងតំបន់ ។
សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ លោក​​ ង្វៀន សួនហ្វុក ដែលកន្លងមក បានគាំទ្រដល់កម្ពុជា ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ឹម ហើយក៏សូមថ្លែងអំណរគុណជូនចំពោះលោក​ ង្វៀន សួនហ្វុក ដែលបានមានប្រសាសន៍ថា នឹងគាំទ្រកម្ពុជា ធ្វើយ៉ាងណាឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងកិច្ចប្រជុំអាស៊ាននាពេលខាងមុខ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន៕