ព្រះសីហនុ៖ ម្ចាស់ដីលំនៅដ្ឋានពីរនាក់ នៅក្នុងខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងស្រ្តីឈ្មោះ លឹម ស៊ីណា តំណាងក្រុមហ៊ុន ហ្វុហាយ ទៅតុលាការខេត្តព្រះសីហនុ អំពីអំពើប្រើហិង្សា និងអំពើសម្លុតគំរាមកំហែង នៅពេលក្រុមកម្មករ និងក្រុមជនបិទមុខរបស់ក្រុមហ៊ុន ហ្វូហាយ វាយកម្ទេចទ្រព្យសម្បត្តិរបស់ពួកគាត់ ដោយគ្មានញញើតអ្វីទាំងអស់។
អំពើរបស់អ្នកទាំងពីរខាងលើនេះ ត្រូវអ្នកស្រី ជ័យ សុគន្ធា អាយុ៤៧ឆ្នាំ ប្តឹងសុំតុលាការចោទប្រកាន់ពីបទ ប្រើហិង្សាដោយចេតនា ចំណែកលោក មាស ឈាន អាយុ៤៦ឆ្នាំ ប្តឹងសុំតុលាការចោទប្រកាន់ពីបទ គំរាមកំហែងធ្វើឲ្យខូចខាតដោយចេតនា។ ដើមបណ្តឹងទាំងពីរនាក់ ព្រមទាំងទាមទារសំណងជំងឺចិត្ត និងការខូចខាត សរុបជាទឹកប្រាក់៣០០លានរៀលផងដែរ។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ជ័យ សុគន្ធា ដែលមានដីពីរកន្លែងទទឹងប្រវែង២០ម៉ែត្រ និងបណ្តោយប្រវែង៨០ម៉ែត្រ ចំណែកមួយកន្លែងទៀត មានទទឹងប្រវែង៣០ម៉ែត្រ និងបណ្តោយប្រវែង៤០ម៉ែត្រ ភូមិគគីរ ឬគេល្បីហៅថា ពយម៉ាចូវ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោកឧកញ៉ា រតន សម្បត្តិ និងស្រ្តី ឈ្មោះ លឹម ស៊ីណា ពីបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រើគ្រឿងចក្រវាយបំផ្លាញរបងរបស់អ្នកស្រី។
តាមការអះអាងពីម្ចាស់ដីបានឲ្យដឹងថា ទោះជាការប្តឹងពីបទព្រហ្មទណ្ឌក៏ដោយ រហូតដល់ព្រលប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ សកម្មភាពគ្រឿងចក្រ ដែលគេប្តឹងថា ជាក្រុមវាយកម្ទេចរបស់ឧកញ៉ា រតន សម្បត្តិ នៅតែបន្តសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដើម្បីយកជាកម្មសិទ្ធិដោយមិនខ្វល់ពីបណ្តឹងព្រហ្មទណ្ទនៅតុលាការឡើយ។
នៅក្នុងបណ្តឹងព្រហ្មទណ្ឌដាក់ជូនលោក សៀង សុខ ព្ររាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ អ្នកស្រី ជ័យ សុគន្ធា បានរៀបរាប់ថា «កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៣រសៀល នាងខ្ញុំបានទៅថតផ្តិតយករូបភាព ខណៈដែលក្រុមហ៊ុន ហ្វូហាយ កំពុងប្រើគ្រឿងចក្រកាយកម្ទេចរបងព្រុំដីរបស់នាងខ្ញុំ តាមរយៈការបញ្ជាពីឈ្មោះ លឹម ស៊ីណា និង រតន សម្បត្តិ ប្រព្រឹត្តឡើងដោយពួកជនបិទមុខមួយក្រុមប្រមាណប្រាំនាក់ ពុំមែនជាសមត្ថកិច្ច មានកាន់វិទ្យុទាក់ទងនៅដៃ។
«ពេលនាងខ្ញុំដើរទៅជិតរបងចង់ថតរូប ពួកគេបានសម្លុត គំរាមនាងខ្ញុំ ហើយបុគ្គលបិទមុខម្នាក់ ដែលស្នាក់នៅចាំដីឲ្យក្រុមហ៊ុន (មិនស្គាល់អត្តសញ្ញាណ) បានចូលមកជិតរួចរុញនាងខ្ញុំ និងប្រើអំពើហិង្សាលើរាងកាយដោយចេតនា បង្កភាពភ័យខ្លាចដល់នាងខ្ញុំជាខ្លាំង»។
អ្នកស្រីសំណូមពរឲ្យតុលាការផ្តន្ទាទោស និងទាមទារសំណងជំងឺចិត្ត ជាទឹកប្រាក់១០០លានរៀល។
ចំណែកលោក មាស ឈាន ដែលប្តឹងពីបទគំរាមកំហែងធ្វើឲ្យខូចខាតដោយចេតនា បាសំណូមពរឲ្យតុលសការផ្តន្ទាទោសឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ព្រមទាំងទារសំណងជំងឺចិត្ត២០០លានរៀល។
យោងតាមបណ្តឹងរបស់អ្នកស្រី ដាក់ចូលអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រីបានឃើញជនល្មើសមួយក្រុម ដែលជាកម្មកររបស់ក្រុមហ៊ុនជនជាតិចិនឈ្មោះ ហ្វូហាយ ដែលមានលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា ជាតំណាង បានធ្វើសកម្មភាពប្រើគ្រឿងចក្រវាយកម្ទេចរបងដីរបស់អ្នកស្រី ដោយគ្មានការជូនដំណឹងដល់ម្ចាស់ដី ឬមិនមានការចូលរួមអនុវត្តពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចឡើយ។
អ្នកស្រី ជ័យ សុគន្ធា បានជម្រាបប្រាប់លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តថា «សកម្មភាពនេះបានបង្កការភ័យខ្លាចជាខ្លាំងមកលើនាងខ្ញុំជាម្ចាស់ដី ហើយសកម្មភាពនេះបានបង្ហាញពីសកម្មភាពប្រព្រឹត្តយ៉ាងអនាធិបតេយ្យ បំពានច្បាប់នៃប្រទេសកម្ពុជាជាធរមាន។
«អំពើរបស់ឈ្មោះ លឹម ស៊ីណា និងឈ្មោះ រតន សម្បត្តិ ពិតជាអាចកំណត់បានជា ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយមានប្រើប្រាស់គ្រឿងចក្រ។ សំណូមពរ សូមផ្តន្ទាទោសឈ្មោះ លឹម ស៊ីណា និងឈ្មោះ រតន សម្បត្តិ តាមច្បាប់ជាធរមាន [និង] ទាមទារសំណងជំងឺចិត្ត និងការខូចខាតពីរលានដុល្លារអាមេរិក»។
ប្រជាពលរដ្ឋបានរំឭកប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងឪកាសសម្ពោធសមិទ្ធផលក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក ដែលសម្តេចតេជោ បានមានប្រសាសន៍ថា«ខេត្តព្រះសីហនុ ទោះមាន គួច ចំរើន ១០ក៏នៅតែប៉ុណ្ណឹង»។
ចំណែកពលរដ្ឋម្នាក់ ក្នុងចំណោមអ្នករងអំពើអយុត្តិធម៌រឿងដីធ្លី នៅពយម៉ាចូប បាននិយាយថា «ខេត្តព្រះសីហនុ ទោះមាន គួច ចំរើន មួយក៏អយុត្តិធម៌ប៉ុណ្ណឹងហើយ ចុះទម្រាំមាន គួច ចំរើន ១០ អំពើអយុត្តិធម៌នឹងរីកចម្រើនអស្ចារ្យេ»។
ចំណែកនៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី បានសរសេរពាក់ព័ន្ធនឹងករណីនេះថា «ប្រទេសមានច្បាប់ ការពង្រឹងនិីតិរដ្ឋគឺជាគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ភាពអសកម្មពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅកម្ពុជាដែលជាជំងឺសង្គមដ៏រ៉ាំរ៉ៃ ធ្វើឲ្យពិបាកដល់ប្រមុខរាជរដ្ឋាភិបាល។ សូមនាំគ្នាគោរពច្បាប់ នោះទើបដំណើរការនីតិរដ្ឋទទួលបានជោគជ័យ »។
ពាក់ព័ន្ធករណីក្រុមហ៊ុន ហ្វូហាយ វាយបំផ្លាញទ្រព្យសម្បត្តិរបស់អ្នកដទៃនេះ ហើយម្ចាស់ដីស្រែកយំទ្រហឹងអឺងកង លោក ឃាង ភារម្យ អ្នកនាំពាក្យប្រចាំរដ្ឋបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃនេះ ហាក់ដូចជាមិនបានដឹងឡើយ នៅពេលអ្នកសារព័ត៌មានសាកសួរសុំការបំភ្លឺ ប៉ុន្តែលោកបែរជាសួរមកវិញថា តើអ្នកសារព័ត៌មានបានទៅដល់ទីតាំងដីវិវាទនោះ និងបានសិក្សាពីសាវតានៃវិវាទដណ្តើមដីគ្នាឬនៅ។
លោកបានមានប្រសាសន៍ថា «ពាក់ព័ន្ធរឿងដីពយម៉ាចូវនេះ វាច្រើនរឿងណាស់។ សំណុំរឿងដូចដឹងហើយ។ វាមានដីខ្លះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យកាត់ឆ្វៀល ធ្វើប្រទានកម្ម។ វាមានដីខ្លះទៀត ជាដីនៅក្រៅគម្របព្រៃឈើ ប៉ុន្តែគ្មានប័ណ្ណចាស់ ហើយបើតាមដឹងថា វាមានការប្តឹងផ្តល់គ្នាទៅដល់តុលាការទៀត មានន័យថា នៅក្នុងនីតិវិធីរបស់តុលាការ ហើយរឿងខ្លះទៀត ក៏មានការដាក់ពាក្យស្នើសុំការដោះស្រាយមករដ្ឋបាលខេត្ត។ អ៊ីចឹង វាមានរឿងច្រើននៅតំបន់ហ្នឹង។ សំណុំរឿងច្រើនណាស់ អ៊ីចឹងហើយបានជាខ្ញុំចង់ដឹងថា អ្នកដែលបានទៅសម្ភាសហ្នុង គាត់នៅក្រុមមួយណា? ជួយបញ្ជាក់អ៊ីចឹងមក ដើម្បីឲ្យខ្ញុំជួយឆែកទៅជំនាញ ដើម្បីគេរកមើលថា សំណុំរឿងហ្នឹងវាយ៉ាងម៉េច បានទៅជាមានការទៅឈូសឆាយ។ វាមានសាលក្រម ការអនុវត្តសាលក្រម ឬក៏ជាទំនាស់ប៉ះទង្គិចគ្នារវាងក្រុមណាខ្លះ ហើយបើសួរជារួមបែបហ្នឹង ខ្ញុំមិនដឹងឆ្លើយថាម៉េចទេ ព្រោះមិនដឹងទៅស្រមៃធ្វើម៉េច»។
ចំណែកលោកឧកញ៉ា រតន សម្បត្តិ និងលោកស្រី លឹម ស៊ីណា មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺបានទេ រីឯអ្នកតំណាងដឹកនាំការឈូសឆាយ វាយកម្ទេចទ្រព្យសម្បត្តិអ្នកដទៃ ក៏មិនដឹងថា ជានរណាដែរ៕