ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១បានអញ្ជើញជាអធិបតីប្រកាសបើក និងបិទការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥» ដែលប្រារព្ធធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។
ការប្រកួតកីឡាវាយកូនគោលនេះគឺសហការរៀបចំឡើងរវាងក្រសួងទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត។
ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ លើកទី២៣ឆ្នាំ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយឈ្នះឈ្នះនេះ។
ការប្រកួតនេះ គឺមានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ ដោយចែកចេញជា២ក្រុម គឺការប្រកួតជាក្រុមមានអ្នកចូលរួម ៨០នាក់ និងការប្រកួតជាឯកត្តជនមានអ្នកចូលរួម ២៧នាក់ មាន ៨នាក់ជាក្រុមជម្រើសជាតិ។
បន្ទាប់ពីការប្រកួតដែលធ្វើឡើងរយៈពេលមួយព្រឹកពេញ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រគល់ពានរង្វាន់ជូនកីឡាករជាតិ និងអន្តរជាតិ ដែលចូលរួមប្រកួតទាំងអស់ ហើយមានការពិសារអាហាររួមគ្នាដើម្បីពង្រឹងនូវសាមគ្គីភាពក្នុងបរិយាកាសរីករាយផងដែរ៕