(រាជធានីភ្នំពេញ)៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានអញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី លោក អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានសាខា អនុប្រធានសាខា ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីទាំងអស់ នៃអគ្គនាយកដ្ឋាន ក.ប.ប. តាមប្រព័ន្ធអនឡាញ (Zoom)។
នៅក្នុងសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារអនុវត្តបន្តឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន ក.ប.ប. ជូនអង្គសន្និបាត តាមរយៈវីដេអូឃ្លីបដែលមានរយៈពេលជាងម្ភៃនាទី ដោយបង្ហាញពីសកម្មភាពការងារសំខាន់ៗដែលបានអនុវត្តក្នុងឆ្នាំ២០២១ កន្លងមក។
កម្មវិធីនេះក្រសួងពាណិជ្ជកម្មបានរៀបចំពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ វត្តមានតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។