ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយក​អគ្គិសនី​កម្ពុជាថា នៅ​ទូទាំងប្រទេស​កម្ពុជា​ ខ្វះ​ថាមពល​អគ្គិសនី ៤០០ មេ​ហ្គា​វ៉ា​ត់ ដោយសារ​អាកាសធាតុ​ក្តៅ​ហួតហែង

 លោកកែវ រតនៈ បាន​បញ្ជាក់ថា នៅ​កម្ពុជា​យើង នៅ​ពាក់កណ្តាល​ខែមេសា​ខាងមុខ នឹងមាន​អគ្គិសនី​បន្ថែម ២០​មេ​ហ្គា​វ៉ា​ត់ ចេញពី​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នៅ​ត្មាត​ពង ក្នុង​ខេត្តកំពង់ស្ពឺ ជិត​រាជធានី​ភ្នំពេញ​។ នៅ​ចុងខែ​កញ្ញា​ឆ្នាំនេះ រោងចក្រ​អគ្គិសនី ដើរ​ដោយ​ធ្យូងថ្ម ដែល​កំពុង​សាងសង់ ២​ឆ្នាំ​មកហើយ នឹង​ដំណើរការ​។ ដូច្នេះ​នៅ​ចុងឆ្នាំ​២០១៩ នេះ យើង​សល់​ភ្លើង​វិញ​ទេ​។​

​សូម​រម្លឹកថា ចាប់តាំងពី​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ទូទាំងប្រទេស​កម្ពុជា​យើង ខ្វះ​ថាមពល​អគ្គិសនី ៤០០ មេ​ហ្គា​វ៉ា​ត់ ដោយសារ​អាកាសធាតុ​ក្តៅ​ហួតហែង ធ្វើ​ឲ្យ​ទឹក​នៅតាម​វា​រី​អគ្គិសនី​ទាំងអស់ ទូទាំងប្រទេស បាន​រីងស្ងួត មិនអាច​ផលិត​ថាមពល​អគ្គិសនី តាម​តម្រូវការ​បានឡើយ​។​

​កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ អគ្គិសនី​កម្ពុជា EDC បានប្រកាសថា ប្រទេស​ថៃ បាន​ជួយ​បង្កើន​ការផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​ដល់​ប្រទេស​កម្ពុជា​យើង ចំនួន ៨០ មេ​ហ្គា​វ៉ា​ត់ ពីប្រទេស​ឡាវ​បន្ថែម ១០ មេ​ហ្គា​វ៉ា​ត់ និង​ប្រទេស​វៀតណាម បាន​ជួយ​រក្សា​ការផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​នៅ​ដដែល​។

​ទោះបី​យ៉ាងនេះ​ក៏ដោយ អគ្គិសនី​កម្ពុជា បានប្រកាសថា យើង​នៅមាន​កង្វះ​ថាមពល​ប្រមាណ ១៣% ដែល​តម្រូវ​ឲ្យ​អគ្គិសនី​កម្ពុជា ធ្វើការ​កាត់បន្ថយ​ការផ្គត់ផ្គង់​ខ្លះ រហូត​រដូវវស្សា​មក​ដល់​។ ការកាត់បន្ថយ​ការផ្គត់ផ្គង់​នេះ ធ្វើឡើង​នៅពេល​ថ្ងៃ តាម​កន្លែង​ឆ្លាស់គ្នា ដើម្បី​រក្សា​ការផ្គត់ផ្គង់​នៅពេល​យប់ ដែលជា​ពេល​ប្រជាពលរដ្ឋ ត្រូវការ​ប្រើប្រាស់​ចាំបាច់​។

​ជាមួយគ្នា​នោះ អគ្គិសនី​កម្ពុជា ក៏បាន​លើកឡើងថា ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី នៅពេល​ថ្ងៃ សម្រាប់​ដំណើរការ​ផ្នែក​ឧស្សាហកម្ម ការ​កិនស្រូវ​អង្ករ​សម្រាប់​នាំចេញ មន្ទីរពេទ្យ រដ្ឋាករទឹក ស្ថានទូត និង​ស្ថាប័ន​រាជរដ្ឋាភិបាល មិន​ត្រូវបាន​កាត់ផ្តាច់​អគ្គិសនី ក្នុងអំឡុងពេល​ខ្វះ​ថាមពល​អគ្គិសនី ដែល​នឹង​អូសបន្លាយ​រហូតដល់​ចុងខែ​ឧសភា​នេះ​ទេ​៕​