ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ រួមជាមួយនិង​ លោក​​មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជា​ណា​ចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសេរី​សោភណ្ឌ ខេត្តបន្ទាយមានជ័យ។

កំណាត់ផ្លូវនេះ(បាត់ដំបង-សិរីសោភ័ណ) មានប្រវែង ៨៤,៧៤ គីឡូម៉ែត្រ គឺជាប្រភេទផ្លូវចាក់បេតុងកៅស៊ូ (AC) មានកម្រាស់ ១៥សង់ទីម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវបានពង្រីកទំហំផ្លូវមេដែលមានស្រាប់ ប្រវែង ៥១,៤៨គីឡូម៉ែត្រ ទទឹងមានប្រវែង ២៣ម៉ែត្រ មាន ៤​គន្លង (គន្លងនីមួយៗ មានទទឹង ៣,៥០ម៉ែត្រ និងមាន ២គន្លងទៅ និង២គន្លងមក) ចិញ្ចើមផ្លូវមានទទឹង ៣ម៉ែត្រ (សងខាង) និងសួនទ្រូងផ្លូវខណ្ឌចែកទិសដៅចរាចរណ៍នៅចំកណ្តាល មានទទឹង ៣ម៉ែត្រ ផងដែរ។
កំណាត់ផ្លូវនេះ បានសាងសង់ផ្លូវវាងក្រុង ២ខ្សែ ប្រវែងសរុប ៣៣,២៦គីឡូម៉ែត្រ (ផ្លូវវាងក្រុងបាត់ដំបង ប្រវែង ២៣,៩២គីឡូម៉ែត្រ និងផ្លូវវាងក្រុងសិរីសោភ័ណ ប្រវែង ៩,៣៤គីឡូ​ម៉ែត្រ) ក្នុងនោះ សាងសង់ស្ពានថ្មីចំនួន ២កន្លែង (លើផ្លូវវាង) ពង្រីក និងជួសជុលស្ពានដែលមានស្រាប់ចំនួន ១០កន្លែង (លើផ្លូវមេ)។
គម្រោងនេះ បានរួមបញ្ចូលទាំងការងារដាក់លូប្រអប់ចំនួន ៧៦កន្លែង និងលូមូលតាមបណ្តោយផ្លូវចំនួន ១១៣កន្លែង ព្រមទាំងបំពាក់ភ្លើងបំភ្លឺ LED នៅតាមផ្លូវប្រសព្វ។

កំណាត់ផ្លូវនេះ បានចំណាយថវិកាសរុបប្រមាណ ១៦៥.៧៨លានដុល្លារអាមេរិក ជាឥនទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ បោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៕