ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យអាជ្ញាធរសមត្ថកិច្ច ផ្តល់លទ្ធភាពគ្រប់គ្រាន់ដល់អ្នកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។ ប៉ុន្តែសម្រាប់អ្នកនយោបាយ ដែលមិនទាន់បានស្នើសុំសិទ្ធិធ្វើនយោបាយទេ គឺមិនអាចចេញធ្វើសកម្មភាព ជួបប្រជុំនយោបាយណាមួយបានឡើយ។
សម្តេចមានប្រសាសន៍បែបនេះក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន ១,២៤៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ។
សម្តេច បានលើកឡើងពីសាររបស់លោករៀលខេមរិន្ទ្រ ដែលទើបទទួលសិទ្ធិធ្វើនយោបាយ ហើយប្រកាសថា លោកមិនបានលក់ក្បាលលក់អីទេ។ ក្នុងនោះ សម្តេចបានណែនាំដល់អាជ្ញាធរសមត្ថកិច្ច មូលដ្ឋាន ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកនយោបាយ ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។។
សូមរម្លឹកថា មកដល់ពេលនេះ មានអ្នកនយោបាយអតីតគណបក្សប្រឆាំង ៩ រូប បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ក្នុងចំណោមអ្នកនយោបាយ ១១៨ រូប។ អ្នកនយោបាយទាំងនោះ រួមមាន៖ លោកគង់គាំ លោកគង់បូរ៉ា លោកស៊ីនសុវណ្ណនី លោករៀលខេមរិន្ទ្រ លោកអ៊ូច័ន្ទរ័ត្ន លោកកងគឹមហាក់ លោកជីវកត្តា លោកស្រីទេពសុទ្ធី និងលោកច័ន្ទសិលា៕