ខេត្តក្រចេះ៖ នៅចំពោះមុខ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិងប្រជាពលរដ្ឋខ្មែររាប់រាយនាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានរំលឹកថាមិត្តចិនបានជួយកសាង ប្រទេសកម្ពុជាជារៀងរហូតទោះបីកម្ពុជាមិនទាន់បង្កើតរដ្ឋាភិបាលថ្មីកាលពីបោះឆ្នោតឆ្នាំ២០០៣។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ប្រវែងប្រមាណ ៩៣.៥៦គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែនបានថ្លែងថា នៅឆ្នាំ២០០៣បោះឆ្នោតរួចមកបានជាប់គាំងខាងនយោបាយ ដោយសារតែការពហិកានៃបណ្ដាគណបក្សនយោបាយខ្លះ បានបង្កើតឲ្យមានការអូសបន្លាយប្រមាណជិត ១ឆ្នាំ ទើបបង្កើតរដ្ឋាភិបាលបាន។
សម្ដេចតេជោ បានរៀបរាប់ថា ការបោះឆ្នោតឆ្នាំ២០០៣គណបក្សប្រជាជនកម្ពុជាមានត្រឹម៧៣កៅអីប៉ុណ្ណោះ ប៉ុន្ដែប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់កម្ពុជាឲ្យបង្កើតរដ្ឋាភិបាលមាន២ភាគ៣ ដែលត្រូវការ ៨២សំឡេងទើបអាចបង្កើតរដ្ឋាភិបាលបាន។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«ប្រទេសមួយចំនួនរង់ចាំមើល(ចាំមើលកម្ពុជាបង្កើតរដ្ឋាភិបាល) ប៉ុន្ដែសាធារណរដ្ឋប្រជាមានិតចិនមិនចង់រង់ចាំមើលនោះទេ។ ដូច្នេះជំហានដំបូងលោកជំទាវ ឧបនាយករដ្ឋមន្ដ្រីរបស់ចិនបានមកទស្សនកិច្ចនៅប្រទេសកម្ពុជាបន្ទាប់ទៅក្នុងមួយខែក្រោយមក ប្រធានាធិបតី និងនាយករដ្ឋមន្ដ្រីចិន បានអញ្ជើញខ្ញុំ ទៅទស្សនកិច្ចនៅប្រទេសចិន ដោយមិនរង់ចាំបង្កើតរដ្ឋាភិបាលថ្មីនោះទេ»។
សម្ដេចតេជោ បន្ថែមទៀតថា ចំណុចទាំងនេះបានធ្វើឲ្យសម្ដេចចងចាំជានិច្ចក្នុងការអំពាវនាវឲ្យមិត្តចិនជួយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ មកកាន់ភូមិភាគឦសានរបស់កម្ពុជា៕