ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តម្លៃប្រេងឆៅហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះស្របពេលមានវិបត្តិនៅអ៊ុយក្រែន

បរទេស៖នៅថ្ងៃចន្ទនេះតម្លៃប្រេងឆៅបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេលជាង៧ឆ្នាំកន្លងមកនេះធ្វើឲ្យមានក្តីកង្វល់ថាលទ្ធភាពនៃការឈ្លានពានអ៊ុយក្រែនពីសំណាក់រុស្ស៊ីអាចនឹងធ្វើឲ្យទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងអឺរ៉ុបបង្អាក់ការនាំចេញប្រេងពីក្រុមហ៊ុនផលិតប្រេងធំបំផុតរបស់ពិភពលោកនៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងតឹងរឹងស្រាប់រួចទៅហើយ ។
តម្លៃប្រេងឆៅបច្ចុប្បន្ន៩៥.៥៦ដុល្លារក្នុង១បារ៉ែល គិតត្រឹមវេលាម៉ោង ០២និង៣៥នាទីម៉ោងសកលពោលគឺកើនឡើងចំនួន១.១២ដុល្លារឬស្មើនឹង ១,២ភាគរយ ក្រោយឡើងដល់កម្រិតកំពូលកាលពីមុន ៩៦.១៦ដុល្លារក្នុង១បារ៉ែលដែលជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែតុលាឆ្នាំ២០១៤ ។
ប្រេងឆៅសហរដ្ឋអាមេរិក(WTI)បានឡើង ១.២៨ដុល្លារឬស្មើនឹង១,៤ភាគរយ កើនឡើងដល់៩៤.៣៨ដុល្លារក្នុង ១បារ៉ែល ពោលគឺឡើងជិតដល់ ៩៤.៩៤ដុល្លារក្នុង១បារ៉ែល ដែលជាតម្លៃខ្ពស់បំផុត ចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៤ ។
ការអធិប្បាយរបស់សហរដ្ឋអាមេរិកពីការវាយប្រហារដោយរុស្ស៊ីមកលើអ៊ុយក្រែន បានក្រឡុកទីផ្សារហិរញ្ញវត្ថុសកល ។សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី អាចឈ្លានពានអ៊ុយក្រែននៅពេលណាមួយ ហើយនិងបង្កើតលេសដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ការវាយប្រហាររបស់ពួកគេ ។
លោក Edward Moya គឺជាអ្នកវិភាគនៅសារជីវកម្មអាមេរិក OANDAបាននិយាយថានៅក្នុងកំណត់ហេតុមួយថា បើសិនជាការចល័តទាហានរុស្ស៊ីចុលអ៊ុយក្រែន កើតឡើងពិតមែន តម្លៃប្រេងឆៅគ្មានបញ្ហាថានឹងឡើងលើសពីកម្រិត ១០០ដុល្លារក្នុង ១បារ៉ែលនោះទេ ។
លោកបន្តថា តម្លៃប្រេងនៅតែប្រែប្រួលរហ័ស និងរសើបខ្លាំង ដោយសារតែបច្ចុប្បន្នភាពពាក់ព័ន្ធនឹងអ៊ុយក្រែន ។ភាពតានតឹងតម្លៃប្រេងឆៅ បានកើតមានឡើង ស្របពេលដែលអង្គការប្រទេសនាំចេញប្រេង(OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថា OPEC+ លំបាកបង្កើនទិន្នផលប្រេង ថ្វីត្បិតតែមានការសន្យាប្រចាំខែថា នឹងបង្កើនផលិតភាពប្រេងឆៅឲ្យបាន ៤សែនបារ៉ែលក្នុង១ថ្ងៃ រហូតដល់ខែមីនាក៏ដោយ ។

ខណៈនោះដែរ ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បាននិយាយថា គំលាតរវាងទិន្នផល OPEC+ និងគោលដៅរបស់ពួកគេ មានរហូតដល់ ៩សែនបារ៉ែលក្នុង១ថ្ងៃ កាលពីខែមករា ខណៈដែលក្រុមហ៊ុនធនាគារវិនិយោគអាមេរិក JP Morgan និយាយថា គំលាតសម្រាប់ OPECតែឯងមានរហូតដល់ទៅ ១.២លានបារ៉ែលក្នុង១ថ្ងៃ ។
ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុនធនាគារ JP Morgan បាននិយាយនៅក្នុងកំណត់ហេតុថ្ងៃទី ១១ ខែកុម្ភៈថា ពួកយើងកត់សំគាល់ឃើញសញ្ញានៃការលំបាកនៅក្នុងចំណោមប្រទេសសមាជិកទាំង ៧របស់ OPECមិនអាចឈានដល់កំណើនកូតាក្នុងខែ ក្នុងនោះឱនភាពកង្វះខាតធំបំផុត បង្កឡើងដោយអ៊ីរ៉ាក់ ។
ក្រុមអ្នកវិនិយោគទុន កំពុងឃ្លាំមើលផងដែរ កិច្ចពិភាក្សាការងាររវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីសន្តិសុខជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា ការវិវត្តន៍ទៅមុខនៅក្នុងកិច្ចពិភាក្សារការងារនេះ កាន់តែពិបាកខ្លាំងឡើង ។
ដោយឡែក ក្រុមហ៊ុនសេវាកម្មថាមពលអាមេរិក Baker Hughes បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា នៅសហរដ្ឋអាមេរិក ការហក់ឡើងខ្ពស់តម្លៃប្រេងឆៅ ជំរុញឲ្យក្រុមហ៊ុនផលិតប្រេងធំៗ បង្កើនទិន្នផលរបស់ពួកគេ ស្របពេលដែលពួកគេបន្ថែមសំណង់អណ្តូងប្រេងកាតច្រើនបំផុតក្នុងរយៈពេល ៤ឆ្នាំកន្លងមកនេះ កាលពីសប្តាហ៍មុន ៕