ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បទវិភាគ៖តើជំនួបតាមទូរស័ព្ទរវាងប្រមុខរុស្ស៊ីនិងអាមេរិកអាចជាយន្តការឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែនឬ?

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់សមភាគីរុស្ស៊ីលោកប្រធានាធិបតី Vladimir Putin អំឡុងការសន្ទនាតាមទូរស័ព្ទរយៈពេល១ម៉ោងកាលពីថ្ងៃសៅរ៍ថាការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែននឹងនាំឲ្យមានការឆ្លើយតបវិញយ៉ាងចាស់ដៃនិងភ្លាមៗពីលោកខាងលិច ។
ប៉ុន្តែការសន្ទនាគ្នារវាងមេដឹកនាំទាំង២ត្រូវបានមជ្ឈដ្ឋានខាងក្រៅមើលឃើញថា វាអាចជាយន្តការឆ្ពោះទៅរកការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។

លោក Bidenបាននិយាយថាទង្វើឈ្លាននឹងបង្កឱ្យមានការរងទុក្ខរីករាល ដាលកាន់តែខ្លាំងនិងកាត់បន្ថយជំហររបស់រុស្ស៊ីក្នុងពិភពលោក។ លោក Put inបានប្រាប់លោក Biden វិញថា ទីក្រុងម៉ូស្គូនឹងពិនិត្យមើលគំនិតដែលលោកបានដាក់ចេញ ដើម្បីដោះស្រាយការអំពាវនាវសន្តិសុខរបស់រុស្ស៊ី ប៉ុន្តែគំនិតទាំងនោះមិនបានដោះស្រាយក្ដីកង្វល់សំខាន់ៗរបស់ទីក្រុងម៉ូស្គូនោះទេ ។
មេដឹកនាំទាំង២បានសន្ទនាតាមទូរស័ព្ទក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីបញ្ចៀសអរិភាពទាំងឡាយរយៈពេល១ថ្ងៃបន្ទាប់ពីទីក្រុង Washington និងសម័ន្ទមិត្តរបស់ខ្លួនបានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែនអាចកើតមាននៅថ្ងៃណាមួយ ។
សង្រ្គាមពាក្យសម្តីរវាងប្រមុខរដ្ឋទាំងនេះដែរ ត្រូវបានអ្នកវិភាគមួយចំនួនយល់ឃើញថា វាអាចជាឆាកល្ខោន វ៉ៃក្បាលអង្អែលខ្នងព្រោះសង្រ្គាមពាក្យសម្តីបែបនេះ គេធ្លាប់បានមើលឃើញរួចមកហើយ រវាងអតីតប្រធានាធិបតីអាមេរិក លោក Donald Trumpនិងមេដឹកនាំវ័យក្មេងតែមានគំនិតចាស់កូរ៉េខាងជើង លោក Kim Jung Unដែលធ្វើឲ្យពិភពលោក ព្រួយបារម្ភថា សង្រ្គាមនុយក្លេអ៊ែរ អាចនឹងផ្ទុះឡើង ធ្វើឲ្យពិភពលោកក្លាយជាផេះផង់នោះ ។
សហរដ្ឋអាមេរិក បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តការពារដែនដីគ្រប់ម៉ែត្ររបស់អង្គការអូតង់ និងនិយាយថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែនគ្រប់ពេលវេលា និងអាចបង្កើតជាលេសដ៏គួឲ្យភ្ញាក់ផ្អើលមួយសម្រាប់ការវាយប្រហារនេះ ។
មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលលោកBiden បាននិយាយថា ការសន្ទនានេះគឺប្រកបដោយវិជ្ជាជីវៈ និងមានសារៈសំខាន់ ក្នុងការវែកញែកគ្រប់បញ្ហាទាំងអស់ ដែលសហរដ្ឋអាមេរិកបានលើកឡើងជាសាធារណៈ ប៉ុន្តែបានបន្ថែមថាពុំមានការផ្លាស់ប្ដូរជាមូលដ្ឋានទេ។គេនៅតែមិនទាន់ច្បាស់ថាតើ លោកPutin មានឆន្ទៈក្នុងការស្វែងរកផ្លូវការទូតឬអត់ ។
ត្រង់ចំណុចនេះទៀតថា គេមើលឃើញយ៉ាងច្បាស់ថា ទាំងរុស្ស៊ី ទាំងអាមេរិក សុទ្ធតែបានបង្ហាញគោលជំហររបស់ខ្លួន ឮក្នុងការវិលត្រឡប់មករកតុចរចា ពីព្រោះបើសិនជាប្រទេសមហាអំណាចយោធាទាំង ២ឈ្លោះប្រកែកគ្នា គឺមិនទទួលបានផលប្រយោជន៍អ្វីទាំងអស់ តែផ្ទុយទៅវិញមានតែទុក្ខទោសខ្លួនឯងតែប៉ុណ្ណោះ ។
មានប្រទេសជាង១០ហើយដែលបានជំរុញពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសអ៊ុយក្រែន ស្របពេលមានការព្រមានជាច្រើនពីប្រទេសមហាអំណាចលោកខាងលិចថា រុស្ស៊ីអាចនឹងឈ្លានពានចូលអ៊ុយក្រែននៅពេលណាមួយ។
សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ ស្ថិតក្នុងចំណោមប្រទេសដែលបានប្រាប់ដល់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីអ៊ុយក្រែន ។

ទីក្រុង Moscow បានដាក់ពង្រាយកងទ័ពរបស់ខ្លួនជាង ១សែននាក់ ទៅកាន់ព្រំដែនជាមួយប្រទសអ៊ុយក្រែន ប៉ុន្តែរុស្ស៊ីបានច្រានចោលម្ដងហើយម្ដងទៀត ថាខ្លួនគ្មានបំណងឈ្លានពានឡើយ ។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelensky បាននិយាយថា ការព្រមានពីការចូលឈ្លានពានអាចបង្កឲ្យមានភាពស្លន់ស្លោ ។
បុគ្គលិកគ្មានភារកិច្ចសំខាន់ ត្រូវបានបញ្ជាឲ្យចាកចេញពីស្ថានទូតអាមេរិកនៅក្នុងរដ្ឋធានី Kyiv របស់អ៊ុយក្រែន ហើយក្រុមបុគ្គលិកកុងស៊ុលត្រូវបានផ្អាកចាប់ពីថ្ងៃអាទិត្យម្សិលមិញ តែបុគ្គលិកមួយចំនួនតូចនៅតែរក្សាទុកឲ្យប្រចាំការនៅក្នុងទីក្រុង Lvivភាគខាងលិចអ៊ុយក្រែន ដើម្បីចាត់ចែងការងារបន្ទាន់ ។
ប្រទេសកាណាដា បានផ្លាស់បុគ្គលិកស្ថានទូតរបស់ខ្លួន ទៅកាន់ទីក្រុង Lvivដែរ ដែលស្ថិតនៅជិតព្រំដែនជាប់ជាមួយប៉ូឡូញ។ចំណែកឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅប្រទេសអ៊ុយក្រែន លោកស្រី Melinda Simmons បានសរសេរនៅលើបណ្ដាញ Twitter ថា លោកស្រី និងក្រុមការងារសំខាន់មួយកំពុងស្នាក់នៅក្នុងទីក្រុងគៀវនៅឡើយ ។
សរុបជារួម ថ្វីត្បិតែមានការព្រួយបារម្ភខ្លាំងថាសង្រ្គាមអាចនឹងផ្ទុះឡើង រហូតដល់ប្រទេសជាច្រើនបញ្ជាឲ្យពលរដ្ឋរបស់ខ្លួនចាកចេញពីអ៊ុយក្រែនយ៉ាងណាក្តី ការសន្ទនាគ្នារវាងលោក Bidenនិងលោក Putinគេអាចមើលឃើញយ៉ាងច្បាស់ថា សង្រ្គាមទំនងជាមិនអាចផ្ទុះឡើងដូចការព្យាករណ៍នោះទេ ពីព្រោះមេដឹកនាំទាំង និងប្រទេសពាក់ព័ន្ធទាំង សុទ្ធតែមិនចង់ផ្ទុះសង្រ្គាមដូចគ្នា ៕