បរទេស៖ផ្សារភាគហ៊ុនអឺរ៉ុបបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃចន្ទម្សិលមិញប៉ុន្តែប្រមូលបានខ្លះៗមកវិញការខាតបង់នៅពេលទិញ-លក់ថ្ងៃរសៀលដោយសង្ឃឹមលើកិច្ចព្រមព្រៀងដោះស្រាយភាពតានតឹងនៅអ៊ុយក្រែន ។
ផ្សារភាគហ៊ុន FTSE 100 របស់អង់គ្លេសបានធ្លាក់ចុះ ១,៧ភាគរយហើយផ្សារភាគហ៊ុនដ៏សំខាន់នៅទីក្រុងប៉ារីសប្រទេសបារាំង និងទីក្រុងFrankfurt ប្រទេសអាល្លឺម៉ង់ បានធ្លាក់ចុះ២ភាគរយក្នុងនោះផ្សារភាគហ៊ុនការធ្វើដំណើររងផលប៉ះពាល់ខ្លាំងជាងគេ ។
សេចក្តីរាយការណ៍ពីរុស្ស៊ីថាមានកិច្ចប្រជុំជាមួយលោកខាងលិចពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន ជួយធ្វើឲ្យអារម្មណ៍ក្រុមអ្នកវិនិយោគទុនល្អឡើងវិញ ។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក SergeiLavrovបានលើកឡើងពីសម្តីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា កិច្ចខិតខំការទូត នឹងបន្ត ដោយសារតែមានឱកាសចុះកិច្ចព្រមព្រៀង ។
ការខាតបង់មានកំណត់នៅផ្សារភាគហ៊ុន Wall Street នៅពេលបាយថ្ងៃត្រង់នៅទីក្រុងញូវយ៉កផ្សារភាគហ៊ុន Dow Jones បានធ្លាក់ចុះ ០,៥ភាគរយ និងផ្សារភាគហ៊ុន Nasdaq ឡើងថ្លៃ ០,៧ភាគរយ ។
នៅផ្សារភាគហ៊ុន FTSE 100 និងផ្សារភាគហ៊ុន IAG ដែលជាម្ចាស់ក្រុមហ៊ុនអាកាសចរណ៍ British Airwaysនិងក្រុមហ៊ុនអាកាសចរណ៍ Iberiaបានធ្លាក់ចុះ ៥,៦ភាគរយ ។ ភាគហ៊ុន នៅតាមធនាគារធំៗ បានធ្លាក់ចុះចន្លោះពី ៤ ទៅ ៥ភាគរយ។ ក្រុមហ៊ុនដែលខាតធំជាងគេ គឺក្រុមហ៊ុនរុករករ៉ែរុស្ស៊ី Evraz ដែលតម្លៃភាគហ៊ុន បានដាំក្បាលចុះរហូតដល់ ២៩ភាគរយ ។
ការធ្លាក់ចុះរបស់ផ្សារភាគហ៊ុនFTSE 100ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេល ៣សប្តាហ៍ បានកើតមានឡើង បន្ទាប់ពីមានការធ្លាក់ចុះផ្សារភាគហ៊ុនអាស៊ី ។
លោក Patrick O’Hare អ្នកស្រាវជ្រាវនៅវែបសាយ Briefing.com បាននិយាយថាការពិតដែលទ្វារមិនត្រូវបានបិទកិច្ចពិភាក្សារបន្ថែមទៀតគឺជារឿងល្អ ។ ហេតុដូច្នេះហើយ អវិជ្ជមានដែលមើលឃើញពីមុន រលាយបាត់ខ្លះអស់ នៅឡើយតែពពកខ្មៅមិនច្បាស់លាស់ នៅទីទែលពីលើទីផ្សារប៉ុណ្ណោះ ។
ដំបូងតម្លៃប្រេងឡើងយ៉ាងឆាបរហ័ស ក្នុងនោះប្រេងឆៅមានតម្លៃលើស៩៥ដុល្លារក្នុង១បារ៉ែលធ្វើឱ្យមានការព្រួយបារម្ភពីអតិផរណាថ្មី ថ្វីត្បិតតែតម្លៃប្រេង បានធ្លាក់ចុះវិញតិចតួចក៏ដោយ ។
ជាមួយនឹងតម្លៃប្រេងខ្ពស់ខណៈដែលសេដ្ឋកិច្ចសកលងើបឡើងវិញពីការបិទខ្ទប់ជំងឺ COVID-19មាននូវការព្រួយបារម្ភថាសង្រ្គាមឬការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរុស្ស៊ី នឹងកាត់ផ្តាច់ការផ្គត់ផ្គង់ធ្វើឲ្យតម្លៃប្រេងឆៅឡើងថ្លៃលើសពី១០០ដុល្លារក្នុង១បារ៉ែលដែលជាការឡើងថ្លៃមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៤រហូតមក ៕