ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនបានផ្តល់កម្ចីនិងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់៤រយលានដុល្លារអាមេរិកដល់កម្ពុជា​​

ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់ខណៈដែលសម្តេចបាន​អញ្ជើ​ញសម្ពោធស្ពាន៧កន្លែងក្នុងខេត្តក្រចេះ និងព្រៃវែងនៅថ្ងៃទី១៦ ខែកុម្ភៈនេះថា ជប៉ុន បានផ្តល់កម្ចី និងជំនួយសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធជាង ១ពាន់ ៤រយលានដុល្លារ ហើយភាពរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីចំណងមិត្តភាពកម្ពុជា-ជប៉ុនបាននោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលស្ពានទាំង៧កន្លែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននាពេលនេះ រួមទាំងសមិទ្ធផលផលផ្សេងៗជាច្រើនទៀតដែលជប៉ុនបានជួយនាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានបញ្ជូនយន្ត​ហោះពិសេសមកទទួលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកទៅទស្សនកិច្ចទៅជប៉ុន។
លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នាយករដ្ឋមន្ត្រីជប៉ុន ៣រូប ហើយ​ដែលបានអនុញ្ញាតឱ្យលោក​​ បណ្ឌិត លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម គឺនៅឆ្នាំ២០១០, ២០១៦ និង២០១៨។ សម្តេចតេជោបានចាត់ទុកការអនុញ្ញាតនេះ គឺជាការបង្ហាញឱ្យឃើញនូវទំនាក់ទំនងពិសេសមួយរវាងកម្ពុជា និងជប៉ុន។
សម្តេចតេជោចង់ឱ្យមានការធ្វើសមយុទ្ធរវាងកម្ពុជា និងជប៉ុនតែសមយុទ្ធនោះធ្វើឡើងពាក់ព័ន្ធនឹងការជួយសង្គ្រោះពេលជួបគ្រោះមហន្តរាយ។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានអរគុណរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅថ្មីៗនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា បញ្ហារបស់មីយ៉ាន់ម៉ាមិនអាចរឹងពេកឬទន់ពេកបាននោះឡើយ។
សម្តេចតេជោបានបន្តថា ប្រសិនបើនៅតែរបៀបនេះយ៉ាងហោចណាស់៥ឆ្នាំទៀតបញ្ហារបស់​មី​យ៉ាន់ម៉ា គឺដោះស្រាយមិនទាន់បានផង។