(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងលោក អ៊ីស្វាន់ ចូ (István Joó)អនុរដ្ឋមន្រ្តីនៃក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីកាលពីថ្ងៃទី១៥ ខែកុម្ភៈនេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបធុរកិច្ចលើកទី១ រវាងកម្ពុជានិងប្រទេសហុងគ្រី តាមប្រព័ន្ធវីដេអូ ក្រោមមូលបទ “ការតភ្ជាប់ធុរកិច្ចកម្ពុជា-ហុងគ្រី៖ គន្លឹះក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចសម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយភាពធន់ពីជំងឺរាតត្បាតសកលកូវីដ-១៩”។
វេទិកានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងមកពីវិស័យឯកជន សរុបប្រមាណ ២០០រូប ដែលក្នុងនោះរួមមានក្រុមហ៊ុនកម្ពុជាប្រមាណ១០០ក្រុមហ៊ុន និងក្រុមហ៊ុនហុងគ្រីមានចំនួន២៨ ក្រុមហ៊ុន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្ម តំណាងមកពីសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមរោងចក្រកាត់ដេរកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សហគ្រាសផលិតឱសថPPM សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សមាគមស្បែកជើងកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជានិងសមាគមផលិតផលធ្វើដំណើរនិងស្បែកក៏បានចូលរួមផងដែរ។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគដល់ធុរជននិងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។
ជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យធុរជននិងវិនិយោគិននៃភាគីទាំងពីរ ស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្មនិងវិនិយោគ ដើម្បីលើកកម្ពស់ និងពង្រីកប្រតិបត្តិការ ធុរកិច្ច និងវិនិយោគនៅប្រទេសទាំងពីរ និងដើម្បីសម្រេចបាននូវការស្តារសេដ្ឋកិច្ចនិងកំណើនប្រកបដោយបរិយាប័ន្ននិងចីរភាព ដោយបានផ្តោតសំខាន់លើវិស័យសក្តានុពលចំនួន ០៦ រួមមាន៖
(១)កសិកម្មនិងផលិតផលកសិកម្ម (២)បច្ចេកវិទ្យាធារាសាស្ត្រនិងបរិស្ថាន (៣) ការកែច្នៃនិងសុវត្ថិភាពម្ហូបអាហារ (៤) សេវាកម្មទេសចរណ៍ (៥) ផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្រ្ត និង(៦) ផលិតផលកម្មន្តសាល។
ក្នុងជំនួបនេះ តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានចូលរួមធ្វើបទបង្ហាញអំពីច្បាប់ថ្មីស្តីការវិនិយោគ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយតំណាងមកពីវិស័យឯកជននៃភាគីទាំងពីរក៏បានផ្លាស់ប្តូរនូវបញ្ជីព័ត៌មានក្រុមហ៊ុនសក្តានុពលនាំចេញរវាងកម្ពុជានិងហុងគ្រីនិងបានចែករំលែកព័ត៌មានព្រមទាំងផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ដែលអាចនឹងជំរុញដល់ការតភ្ជាប់ធុរកិច្ចរវាងប្រទេសទំាងពីរឱ្យកាន់តែប្រសើរ។
វេទិកាជំនួបធុរកិច្ចកម្ពុជា-ហុងគ្រីនេះ បានប្រព្រឹត្តទៅយ៉ាងរលូនក្នុងបរិយាកាសដ៏ស្និទ្ធិស្នាល និងទទួលលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។
តាមរយៈវេទិកានេះ ភាគីកម្ពុជា បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ដល់ធុរជននិងវិនិយោគិនហុងគ្រីដែលមានបំណងមកពង្រីកប្រតិបត្តិការធុរកិច្ចនិងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។