ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញជាប្រចាំពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិនិងការដឹកនាំបញ្ជាផ្ទាល់ពីប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ផាន អូន នៅរសៀលថ្ងៃអង្គារ ទី១ខែមីនាឆ្នាំ២០២២នេះ មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»បានកំណត់មុខសញ្ញានិងស្ទាក់ឃាត់រថយន្តក្រុងចំនួន៨គ្រឿង ដែលបានដឹកទំនិញចូលពីព្រំដែនប្រទេសវៀតណាមនៅចំណុចផ្លូវជាតិលេខ១ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កិច្ចការនេះ ត្រូវបានធ្វើឡើងដោយមានកិច្ចសហការពីកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្វែងរកភាពមិនអនុលោមនៃទំនិញទៅនឹងបទប្បញ្ញត្តិជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ការពារសុខុមាលភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ការពារសិទ្ធិរបស់អ្នកប្រើប្រាស់ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ធានាបានការប្រកួតប្រជែងប្រកបដោយស្មោះត្រង់ និងសុចរិតក្នុងធុរកិច្ច។
លទ្ធផលបឋម មន្រ្តីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប.បានឃាត់ឆែកឆេររកឃើញនូវបទល្មើសក្លែងបន្លំ មិនមានអនុលោមភាពលើលិខិតបទដ្ឋានគតិយុត្ត រំលោភកម្មសិទ្ធិបញ្ញា និងមិនមានឯកសារពាក់ព័ន្ធនឹងការនាំចូល លើប្រភេទទំនិញមួយចំនួន។ មន្រ្តីជំនាញនឹងបន្តអនុវត្តវិធានការ ស្របតាមនីតិវិធីជាធរមាន។
សូមបញ្ជាក់ផងដែរថាមន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប.ជាមន្រ្តីនគរបាលយុត្តិធម៌ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវានិងជានគរបាលយុត្តិធម៌ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែង ឱ្យកំណត់បទល្មើសក្រោមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការអនុវត្តច្បាប់ទាំង៣ខាងលើ ដើម្បីធានាបាននូវការការពារសុខុមាលភាពប្រជាពលរដ្ឋ សិទ្ធិអ្នកប្រើប្រាស់ និងធុរកិច្ចក្នុងការប្រកួតប្រជែងដោយស្មោះត្រង់ និងសុចរិត។